វ៉ាក់សាំង Moderna ចំនួន ១,៦៣លានដូស ត្រូវបានបញ្ឈប់ការចាក់ជូនប្រជាជនជប៉ុន ក្រោយពេលដែលសហរដ្ឋអាមេរិកទទួលបានការជូនដំណឹងថា រកឃើញអំពីបញ្ហាដ៏ធំក្នុងវ៉ាក់សាំងរបស់ខ្លួន។

សេចក្ដីរាយការណ៍មួយបានបង្ហាញថា  ការចម្លងរោគនេះបណ្ដាលមកពីបញ្ហាផលិត នៅក្នុងខ្សែសង្វាក់ផលិតកម្មវ៉ាក់សាំងអាមេរិក នៅឯកន្លែងផលិតក្នុងប្រទេសអេស្ប៉ាញ។ ខណៈដែលដបវ៉ាក់សាំងជាច្រើនដែលមិនទាន់បានប្រើប្រាស់ ត្រូវបានរកឃើញសារធាតុកខ្វក់នៅក្នុងកូនដបវ៉ាក់សាំងថ្មីៗទាំងនោះ។

ក្រុមហ៊ុនឱសថជប៉ុន Takeda ដែលជាអ្នកទទួលបន្ទុកចែកចាយ និងលក់វ៉ាក់សាំង Moderna នៅក្នុងប្រទេសជប៉ុនបានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនបានធ្វើការពិនិត្យជាបន្ទាន់បន្ទាប់ពីរកឃើញសារធាតុភាគល្អិតនៅក្នុងដបវ់ាក់សាំងជាច្រើននៅកន្លែងចាក់ថ្នាំបង្ការជូនប្រជាជន។

ក្រុមហ៊ុន Takeda មិនបានបញ្ជាក់លម្អិត ថាវាគឺជាសារធាតុអ្វីឲ្យបា្រកដនោះទេ ដោយគ្រាន់តែអះអាងថា បានស្នើឲ្យខាងក្រុមហ៊ុន Moderna បើកការស៊ើបអង្កេតលើករណីនេះហើយ។ ក្រុមហ៊ុន Moderna ផ្ទាល់មិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយទេ រីឯក្រសួងសុខាភិបាលជប៉ុនបាននិយាយថា នឹងសហការជាមួយក្រមហ៊ុន Takeda ដើម្បីកុំឲ្យបញ្ហានេះបង្កការរាំងស្ទះ ឬរំខានដល់យុទ្ធនាការចាក់វ៉ាក់សាំង។

សូមជម្រាបថា នាយករដ្ឋមន្ត្រីជប៉ុនលោក យូស៊ីហ៊ីដេ ស៊ូហ្គា បាននិយាយកាលពីម្សិលម៉ិញនេះថា ប្រជាជនជប៉ុនចំនួន ៦០ភាគរយ និងត្រូវចាក់វ៉ាក់សាំងដូសទី២ បន្ថែមនៅខែកញ្ញាខាងមុខនេះ​ ខណៈដែលបច្ចុប្បន្ននេះប្រទេសជប៉ុនកំពុងតែមានបញ្ហាជាមួយវ៉ាក់សាំង Moderna នៅឡើយ៕

ប្រភព៖ Nikkei Asia

Telegram-Troryorng
Share.