ខណៈដែលប្រទេសវៀតណាម កំពុងតែរងគ្រោះដោយសារការឆ្លងមេរោគកូវីដ១៩ និងមេរោគបំប្លែងថ្មី Deltaផង ពេលនេះលោកនាយករដ្ឋមន្ត្រីវៀតណាម បានសរសេរលិខិតមួយច្បាប់ផ្ញើទៅអង្គការសុខភាពពិភពលោក WHO ដើម្បីស្នើសុំវ៉ាក់សាំងបន្ថែមទៀត។

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានស្នើសុំអង្គការសុខភាពពិភពលោកផ្ដល់ជំ​នួយវ៉ាក់សាំងកូវីដ១៩ តាមរយៈយន្ដការណ៍ កូវ៉ាក់ បន្ថែមឲ្យបានច្រើនដល់ប្រទេសរបស់លោក ដើម្បីមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាជនវៀតណាម។

បច្ចុប្បន្ននេះប្រទេសវៀតណាមបានធ្លាក់ចូលក្នុងវិបត្តិកូវីដ១៩ យ៉ាងធ្ងន់ធ្ងរទោះបីជាបានអនុវត្តវិធានការបិទខ្ទប់ប្រទេសយ៉ាងតឹងរ៉ឹងក៏ដោយ។ ទីក្រុងហូជីម៉ិញដែលមានប្រជាជនរស់នៅជាង៩លាននាក់នេះ គឺជាចំណុចកណ្ដាលនៃការឆ្លងរាលដាលមេរោគកូវីដ១៩ ហើយក៏ជាប្រទេសក្នុងតំបន់អាស៊ីមួយ ដែលទើបតែចាក់វ៉ាក់ជូនប្រជាជនរបស់ខ្លួនត្រឹមតែ ២ភាគរយនៃចំនួនប្រជាជនសរុបជាង ៩៨លាននាក់។

គួរបញ្ជាក់ដែរថា សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយវ៉ាក់សាំងធំជាងគេបំផុតរបស់វៀតណាម ខណៈ អគ្គរដ្ឋទូតចិនប្រចាំទីក្រុងហាណូយក៏បានសន្យាដែរថា ចិននឹងផ្ដល់អំណោយជាវ៉ាក់សាំងកូវីដ១៩ ចំនួន ២លានដូសដល់វៀតណាម ហើយការសន្យានេះទៀតសោតធ្វើឡើងតែ១ថ្ងៃប៉ុណ្ណោះ មុននឹងអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ប្រកាសពីផែនការផ្ដល់ជំនួយវ៉ាក់សាំង Pfizer/BioNTech ចំនួន ១លានដូសបន្ថែមទៀតជូនប្រទេសវៀតណាម។

បើយោងតាមគេហទំព័រ Worldometer បានបង្ហាញថា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៣៨ម៉ឺន១ពាន់៣រយ៦៣ ករណី ក្នុងនោះប្រទេសវៀតណាមអ្នកស្លាប់ចំនួន ៩ពាន់៣រយ៤៩នាក់៕

Telegram-Troryorng

Share.