ស្ត្រីម្នាក់ កាន់តោងរោងដែកបានឆ្លងចរន្តភ្លើងឆក់ស្លាប់ខណៈ ពេលដែលដឹកបញ្ជូន ទៅគ្លីនិកឯកជន កាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវបេតុង86K ទល់មុខផ្សារព្រៃទា ចំណុចភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពស្ត្រីរងគ្រោះមានឈ្មោះ ម៉ាន ធីតាអាយុ៤១ឆ្នាំ មុខរបរលក់សាច់មាន់ សាច់ទា ស្នាក់នៅ បន្ទប់ជួលជាប់នឹងកន្លែងកើតហេតុ ជាស្ត្រីម៉េម៉ាយ មានកូន២នាក់ ប្រុសម្នាក់និងស្រីម្នាក់ មានទីលំនៅផ្ទះលេខ៧៨ ផ្លូវលំ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។

តាមក្រុមគ្រួសារបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបានតខ្សែព្រីភ្លើង ចេញពីបន្ទប់ ទៅរោងលក់ដូរ សម្រាប់ប្រើកង្ហា និងសម្រាប់សាកថ្មទូរស័ព្ទ។ លុះពេលដែលជនរងគ្រោះ កាន់បង្គោលរោងដែកឡើងទៅអង្គុយ ចៃដន្យខ្សែភ្លើងដាច់រលាត់ ប៉ះនឹងដែករោង ទើបបណ្តាលឲ្យឆ្លងឆក់ ធ្លាក់ជនរងគ្រោះមកដី រងរបួសធ្ងន់ ត្រូវបានរថយន្តគ្គីនិក ឯកជនដឹកយកទៅ តែបានស្លាប់នៅតាមផ្លូវ ទើបដឹកសពជនរងគ្រោះទៅកន្លែងកើតហេតុវិញ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ ធ្វើកោសល្យវិច័យ តេស្តសំណាក រកមេរោគកូវីដ១៩ មុននឹងប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ៕


