គិតត្រឹមថ្ងៃទី២៦ខែសីហាឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ១៥៣៤ករណីហើយ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា រាជធានី ខេត្ត ដែលមានការឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី ច្រើនជាងគេមានដូចជា រាជធានីភ្នំពេញ ៤៥០នាក់ បន្ទាយមានជ័យ ២៨៦នាក់ ឧត្តរមានជ័យ ២០៧នាក់ និងសៀមរាប ១៧៨នាក់ជាដើម ខណៈដែលដទៃទៀតមានមេរោគនេះក្នុង កម្រិត តិចតួច និងក្រោម១០០ករណី។ ដោយឡែកខេត្តដែលមិនទាន់មានឆ្លងមេរោគថ្មីនេះ គឺខេត្តកែប និងខេត្តក្រចេះ។
វីរុសដែលតា (Delta) បាននិងកំពុងបន្តរាតត្បាតវាយ លុកចូលក្នុងសហគមន៍របស់យើង ជាពិសេស រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្ដាល បន្ទាយមានជ័យ និងបណ្តាខេត្តមួយចំនួនទៀត ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកឲ្យពលរដ្ឋនៅ ទូទាំងប្រទេសកម្ពុជា បន្តប្រុង ប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យ សោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យ ស្របតាមពាក្យស្លោកដែលថា៖ «រៀនរស់នៅធម្មតាជាមួយវីរុស កូវីដ-១៩ តាមបែបគន្លង ប្រក្រតីភាពថ្មី ក្នុងបរិបទប្រយុទ្ធនឹង ជំងឺកូវីដ-១៩»សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវ ខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ ប្រភេទថ្មីផ្សេងទៀត ដែល អាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ។ ព្រមទាំងអំពាវនាវ ឱ្យចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេសវិធានការ៣កុំ និង៣ការពារ ផងដែរ៕



