ក្មេងប្រុសអាយុទើប១២ឆ្នាំម្នាក់ ត្រូវបានជនសង្ស័យចាប់យកទៅចាក់សម្លាប់ ញាត់ការ៉ុង ប្លន់យកគ្រឿងអលង្ការ លុយកាក់ក្នុងកូនជ្រូក និងទូរស័ព្ទដៃ ខណៈដែលម្តាយមិននៅផ្ទះ ជាប់រវល់ធ្វើការងាររោងចក្រ។
ក្រោយកើតហេតុ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន១នាក់ រត់គេចខ្លួន១នាក់ បង្កឲ្យ ភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅផ្ទះ ជួលក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្មេងប្រុសជាជនរងគ្រោះមានឈ្មោះគឿន ដារ៉ា អាយុ១២ឆ្នាំ មុខរបរសិស្ស មានម្តាយ ជាស្ត្រី ម៉េម៉ាយ ឈ្មោះ ចំ ណេង អាយុ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៥ ជាន់ទី១ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិព្រះផុស ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ចំណែកជនសង្ស័យឃាត់ខ្លួនបានម្នាក់ ឈ្មោះ គ្រីប ណាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ធ្វើការជាមួយម្តាយក្មេងរងគ្រោះ ស្នាក់នៅបន្ទប់ជួលលេខ១៣ ជាន់ទី២ ផ្ទះកើតហេតុ។ រីជនជនសង្ស័យម្នាក់ទៀត ឈ្មោះ អាខ្ទើយ ហៅចេក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ និងស្នាក់នៅបន្ទប់ជួលលេខ១៣ ជាមួយគ្នា បានរត់គេចខ្លួនបាត់ ។
ស្ត្រីជាម្តាយក្មេងរងគ្រោះ បានឲ្យដឹងថា គាត់លែងលះគ្នាជាមួយប្តីតាំងពីឆ្នាំ២០១៦មកម្ល៉េះ មានកូន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ។កូនប្រុសច្បងអាយុ១៨ឆ្នាំ ទៅរស់នៅតាមប្តី។ គាត់រស់នៅជាមួយកូន២នាក់ ហើយកូនរងគ្រោះជាកូនពៅ ស្នាក់នៅបន្ទប់ជួល៣នាក់ ម្តាយកូន ។
ប្រភពនៅកន្លែងបានឲ្យដឹងថា រាល់ថ្ងៃក្មេងរងគ្រោះនៅផ្ទះតែម្នាក់ឯង។ម្តាយនិងបង ស្រីម្នាក់ ទៀតចេញទៅធ្វើការ។នៅថ្ងៃកើតហេតុ ម្តាយក្មេងរងគ្រោះ និងកូនស្រីម្នាក់ទៀត ក្រោយ ហូបបាយថ្ងៃត្រង់ជុំគ្នាហើយបានចេញទៅបន្តធ្វើការងារបាត់ រហូតដល់ល្ងាចទើបមាន អ្នក ជិតខាងប្រាប់ ថាកូនត្រូវបានគេនាំយកទៅសម្លាប់ ញាត់ការ៉ុងនៅបន្ទប់ផ្សេង បង្កឲ្យភ្ញាក់ផ្អើល ទាំងពលរដ្ឋក្នុងភូមិ សមត្ថកិច្ច ចុះទៅដល់ទីតាំងកើតហេតុ ឃាត់ខ្លួនជន សង្ស័យបានម្នាក់ ។

សមត្ថកិច្ចបានឲ្យដឹងដោយយោងទៅលើសម្តីរបស់ជនសង្ស័យថា ខណៈដែលក្មេងរងគ្រោះ នៅក្នុងបន្ទប់ម្នាក់ឯង ជនសង្ស័យទាំង២នាក់ ដោយឈ្មោះអាខ្ទើយ ហៅចេក បានធ្វើ សកម្មភាពចូលទៅចាប់ក្មេងរងគ្រោះ យកទៅបន្ទប់លេខ១៣ ជាបន្ទប់របស់ពួកគេ ប្រើប្រាស់ កូនកាំបិតចុងស្រួច ចាក់ចំនួន២កាំបិតខាងក្រោយខ្នង បណ្តាលឲ្យស្លាប់ រួចប្រមូល យកខ្សែក ប្លាទីនទម្ងន់២ជី លុយក្នុងកូនជ្រូកចំនួនជាង៣០០ដុល្លា ទូរស័ព្ទដៃម៉ាកOPPO មួយគ្រឿង ។ សពត្រូវបានជនសង្ស័យសម្លាប់ហើយ ញាត់ក្នុងការ៉ុង ដាក់ក្នុងបន្ទប់ទឹក បន្ទប់ជួលលេខ១៣ ជាន់ទី២ ជាបន្ទប់របស់ជនសង្ស័យ ។

ក្រោយកើតហេតុគេឃើញមានកម្លាំងសមត្ថកិច្ច តំណាងអង្គភាពពាក់ព័ន្ធ ទាំងអង្គការ ការពារ សិទ្ធកុមារ ក្រុមគ្រូពេទ្យ បានចុះធ្វើការស្រាវជ្រាវដោយហ្មត់ចត់ រហូតឈានដល់ ឃាត់ខ្លួន ជនសង្ស័យម្នាក់ នាំទៅសាកសួរនិងកសាងសំណុំរឿងនៅផ្នែកជំនាញខណ្ឌនិងបន្ត ស្រាវជ្រាវ ស្វែងរក បក្ខពួកជាជនដៃដល់ម្នាក់ទៀត ។ រីឯសពក្មេងរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ពិនិត្យ កោសល្យវិច័យ តេស្តសំណាករួច បានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែង ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
