រហូតមកដល់ពេលនេះ សមត្ថកិច្ចបាននិងកំពុងដុតដៃដុតជើងស្វែងរកចាប់ខ្លួនជនសង្ស័យ ម្នាក់ដែលបានរត់គេចខ្លួនក្រោយពីសម្លាប់ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់នៅក្នុងភូមិត្រពាំង ក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ។

ក្រោយពីកើតមានករណីក្មេងប្រុសអាយុ១២ឆ្នាំ ត្រូវបានជនដៃដល់ចាប់នាំយកទៅចាក់ សម្លាប់ញាត់ក្នុងការ៉ុងរួចប្រមូលយកទ្រព្យសម្បត្តិ គ្រឿងអលង្កា រត់គេចខ្លួនបាត់ កាលពី ព្រលប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នៅបន្ទប់ជួលលេខ១៣ ជាន់ទី២ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យនោះ សមត្ថកិច្ចបានឃាត់ខ្លួន ម្ចាស់បន្ទប់ម្នាក់ នាំទៅសាកសួរសង្ស័យជាប់ពាក់ព័ន្ធនឹងករណីខាងលើ។

 រហូតមកដល់រសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ សមត្ថកិច្ចជំនាញ នៅបន្តសាកសួរ និងស្រាវជ្រាវ ដើម្បីស្វែងរកជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់។

ម្ចាស់បន្ទប់ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ គ្រីប ណាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ ជួលលេខ១៣ ជាបន្ទប់កើតហេតុ មានស្រុកកំណើត នៅភូមិ ទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ចំណែកជនដៃដល់ រត់គេចខ្លួនបាត់ គ្រាន់តែស្គាល់ឈ្មោះគេហៅក្រៅ អាខ្ទើយ ហៅអាចេក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ទើបស្នាក់នៅបន្ទប់លេខ១៣ បានចំនួន៣ថ្ងៃ ។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ មានករណីឃាតកម្មមួយបានកើតឡើងដោយជនដៃដល់ប្រើប្រាស់កាំបិតចុងស្រួចចាក់សម្លាប់ក្មេងប្រុសឈ្មោះ គឿន ដារ៉ា អាយុ១២ឆ្នាំ មុខរបរសិស្ស មានម្តាយជាស្ត្រីម៉េម៉ាយ ឈ្មោះ ចំ ណេង អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ៥ ជាន់ទី១ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិព្រះផុស ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ក្មេងប្រុសរងគ្រោះ

ភ្លាមៗក្រោយកើតហេតុកម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យស្រាវជ្រាវ ដល់ទីតាំងកើតហេតុ ដាក់ការសង្ស័យលើឈ្មោះ ចេក ហៅអាខ្ទើយ ជាអ្នកសម្លាប់រួចប្រមូលយកទ្រព្យសម្បត្តិ ខ្សែកប្លាទីន២ជី លុយក្នុងកូនជ្រូកជាង៣០០ដុល្លារ និងទូរស័ព្ទដៃម៉ាក OPPOមួយគ្រឿង រួចរត់គេចខ្លួន។ សមត្ថកិច្ចឃាត់ខ្លួនម្ចាស់បន្ទប់ជួលលេខ១៣ ឈ្មោះ គ្រីប ណាន់ នាំទៅ សាកសួរនៅផ្នែកជំនាញដោយដាក់ការសង្ស័យជាប់ពាក់ព័ន្ធសមគំនិតរៀបគម្រោងសម្លាប់ ខណៈដែលជនដៃដល់កំពុងរត់គេចខ្លួន៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.