ក្នុងឱកាសខួបលើកទី ៧៩ នៃថ្ងៃបង្កើតនគរបាលជាតិ ត្រយងសូមលើកយកប្រវត្តិនៃការបង្កើតកងកម្លាំងនគរបាលជាតិ មកជម្រាបជូនប្រិយមិត្តឲ្យបានជ្រាប ដោយមានសេចក្ដីដូចខាងក្រោម។
តាមពិតទៅកងកម្លាំងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងដែនរដ្ឋបាល នៅប្រទេសកម្ពុជាយើងមានតាំងពីយូរយារណាស់មកហើយ ប៉ុន្តែវាឋិតនៅក្នុងទម្រង់ផ្សេងៗ មិនទាន់ប្រាកដប្រជា ហើយមិនសូវទូលំទូលាយ ពោលគឺមានតែនៅក្នុងទីប្រជុំជន និងតំបន់សេដ្ឋកិច្ច។ កិច្ចការនេះគេហៅថា កិច្ចការនគរបាល មានន័យថា ការរក្សានគរឲ្យមានសុខសន្តិភាព សណ្ដាប់ធ្នាប់ មើលថែប្រជាជន។ ក្រោយៗមក កិច្ចការនគរបាលត្រូវបានពង្រីកពាសពេញដែនដីកម្ពុជរដ្ឋ និងគ្រប់ច្រកល្ហក ដើម្បីធានាបាននូវអភិបាលកិច្ចល្អជូនប្រជារាស្ត្រ។ នគរបាលមានប្រវត្តិគួរឲ្យស្ងើចសរសើរណាស់៖
នគរបាលជាតិត្រូវបានបង្កើតឡើង ដោយព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ តាមរយៈព្រះរាជក្រមលេខ ៣៥ នស ចុះថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ១៩៤៥ នៅក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃ និងកិច្ចការនយោបាយ ដែលកាលនោះកម្ពុជាទទួលបានឯករាជ្យលើកទីមួយ មានរយៈពេល ជិត៧ខែ គឺចាប់ពីថ្ងៃទី ១៨ ខែមីនា ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៤៥ ក្រោយពីស្ថិតក្រោមអាណានិគមបារាំង ៨២ ឆ្នាំ។
ចាប់ពីឆ្នាំ ១៩៤៥ ដល់ឆ្នាំ ១៩៧០ តួនាទីភារកិច្ចរបស់កងកម្លាំងនគរបាលជាតិមានលក្ខណៈដូចគ្នាស្ទើរទាំងស្រុងនាពេលបច្ចុប្បន្ន គឺ រក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការពារសុវត្ថិភាព សណ្ដាប់ធ្នាប់ នៃសកម្មភាពបាតុកម្ម-កូដកម្ម បញ្ចៀសនូវរាល់សកម្មភាពភេរវកម្ម ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារបាវចនាជាតិ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញ។


ក្រោយពីទទួលបានឯករាជ្យទាំងស្រុកពីពួកអាណានិគមនិយមបារាំង សម្ដេចនរោត្តម សីហនុ បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្នុងការពង្រីក និងបង្កើនសមត្ថភាពនគរបាលជាតិ។
- នៅឆ្នាំ ១៩៤៧ ទ្រង់រៀបចំបង្កើតឲ្យមានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាលជាតិ (តាមរាជក្រមលេខ ៣១២ នស ចុះថ្ងៃទី ៤ ខែមេសា ឆ្នាំ ១៩៤៧)
- សាលាហ្វឹកហ្វឺនអ្នកត្រួតត្រា នៅឆ្នាំ ១៩៥២ (ព្រះរាជក្រឹត្យលេខ ៤៥ នស ចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ ១៩៥២)
- សាលាជាតិរបស់តម្រួត នៅឆ្នាំ ១៩៥៤
- រាជបណ្ឌិត្យសភាតម្រួត នៅឆ្នាំ១៩៥៩ ហើយធ្វើការរៀបចំបន្ថែមនៅឆ្នាំ ១៩៦០ បន្ទាប់មកប្ដូរឈ្មោះទៅជា វិទ្យាគារតម្រួត។
នគរបាលកម្ពុជាកាលពីជំនាន់សង្គមរាស្ត្រនិយមក៏ធ្លាប់មានប្រវត្តិផ្លាស់ប្ដូរកម្មសិក្សាទៅក្រៅប្រទេសដែរ៖
- នៅប្រទេសថៃ ឆ្នាំ១៩៥៥ ចំនួន១២ នាក់
- នៅប្រទេសម៉ាឡេស៊ី ឆ្នាំ១៩៦០ ចំនួន១២ នាក់ រយៈពេល ៣៦ថ្ងៃ
- នៅប្រទេសសិង្ហបុរី ឆ្នាំ១៩៦០ ចំនួន ៤ នាក់ រយៈពេល ៤៦ថ្ងៃ
- នៅប្រទេសបារាំង ចាប់ពីឆ្នាំ១៩៦៣ ស្នងការប៉ូលីស និងនាយកងរាជតម្រួតមួយចំនួន ត្រូវបានចាត់ឲ្យទៅបំពេញវិសិដ្ឋកម្មសិក្សានៅប្រទេសបារាំងជាបន្តបន្ទាប់។
ចាប់ពីឆ្នាំ ខែតុលា ឆ្នាំ ១៩៤៦ នគរបាលនៅតាមបណ្ដាខេត្តក្រុងយុទ្ធសាស្ត្រមួយចំនួនត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។ ចំណែកនគរបាលសេដ្ឋកិច្ចក៏បង្កើតឡើងផងដែរនៅខេត្តស្វាយរៀង, ខេត្តព្រៃវែង និងខេត្តកណ្ដាល នៅឆ្នាំ ១៩៥២។
សម្ពាធមនោគមវិទ្យានយោបាយ អំឡុងពេលសង្គ្រាមត្រជាក់ បានទាញទម្លាក់កម្ពុជាទៅក្នុងនោះដែរ ធ្វើឲ្យកម្ពុជាបាត់បង់រាជានិយម ស្ថិរភាពនយោបាយ សេដ្ឋកិច្ចធ្លាក់ចុះ កើតមានអសន្តិសុខគ្រប់កន្លែង។ ក្រោយរដ្ឋប្រហារថ្ងៃទី ១៨ ខែមេសា ឆ្នាំ១៩៧០ សាធារណរដ្ឋខ្មែរបានផ្លាស់ប្ដូរ កងកម្លាំងនគរបាលជាតិ ទៅជាប៉ូលីសសាធារណរដ្ឋ តាមបញ្ញត្តិចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ១៩៧៣ ។ ប៉ូលីសសាធារណៈ មានតួនាទីភារកិច្ចត្រួតពិនិត្យការអនុវត្តច្បាប់ និងបទបញ្ញត្តិទាំងឡាយក្នុងការប្រតិបត្តិកិច្ចការតុលាការ និងធានារបៀបរៀបរយ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ។
ការដួលរលំរបបសាធារណរដ្ឋខ្មែរ បាននាំមកនូវរបបថ្មីមួយគឺ កម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយពួកខ្មែរក្រហមពាក់អាវខ្មៅ។ របបនេះ មិនបាននាំមកនូវសុខសន្តិភាពសម្រាប់ប្រទេសជាតិនោះទេ វាបានកាត់ផ្ដាច់នូវនិរន្តរភាពនៃសង្គមជាតិទាំងមូល។ ប្រវត្តិសាស្ត្រនគរបាលជាតិក៏ទទេចែស មិនមានកត់សម្គាល់ចំណុចណាមួយបានឡើយ។
កម្លាំងអ្នកស្នេហាជាតិ បង្កើតបានជារណសិរ្សសង្គ្រោះជាតិកម្ពុជា បានវាយរំលំរបបយង់ឃ្នងនៃពួកប៉ុល ពត, អៀង សារី, ខៀវ សំផន និងបក្សពួក រំដោះជាតិ ប្រជាជនចេញពីកណ្ដាប់ដៃពួកប្រល័យពូជសាសន៍អស់នេះ នៅឆ្នាំ ១៩៧៩។ នាឆ្នាំនោះ ស្ថាប័ននគរបាលជាតិក៏បានរៀបចំបង្កើតឡើងវិញ ដោយមានឈ្មោះថា នគរបាលប្រជាជនកម្ពុជា ស្ថិតនៅក្រោមក្រសួងមហាផ្ទៃ ដោយកាលនោះមានសម្ដេចធម្មពោធិសាល ជា ស៊ីម ជារដ្ឋមន្ត្រី។
នគរបាលប្រជាជនត្រូវបានជ្រើសរើសជាបន្តបន្ទាប់ ដោយពុំតម្រូវលក្ខណៈសម្បត្តិឡើយ ឲ្យតែមានកាយសម្បទាមាំទាំ មានឆន្ទៈ មានមនសិការជាតិ ស្មោះត្រង់ចំពោះជាតិមាតុភូមិ និងស្ម័គ្រចិត្តបម្រើប្រជាជន គឺមិនចាំបាច់មានចំណេះដឹង បទពិសោធន៍ បច្ចេកទេសអ្វីទេ ព្រោះថា ប្រទេសកម្ពុជាស្ថិតនៅកម្រិតស្ទើរតែសូន្យទៅហើយ។ នគរបាលប្រជាជនបានកើនពី ៤៥ នាក់សម្រាប់ក្របខ័ណ្ឌ ក្រសួង និង ១០ នាក់ នៃក្របខ័ណ្ឌក្រុងភ្នំពេញ នៅឆ្នាំ ១៩៧០ ដល់ ៣៦ ៣៥ នាក់នៅឆ្នាំ ១៩៨៦។

ពេលនោះវិស័យនគរបាល មានការប្រឈមជាច្រើន ដោយខ្វះចំណេះដឹង និងបទពិសោធន៍ មធ្យោបាយ សម្ភារៈបច្ចេកទេស អាវុធ និងហិរញ្ញវត្ថុ។ ជាមួយគ្នានោះ អំពើពុករលួយ ឧបាយកលយាយីពីពួកខ្មែរក្រហម ភាពចម្រូងចម្រាសផ្នែកនយោបាយផ្ទៃក្នុងកើតមានស្ទើរតែគ្រប់កន្លែង។ បញ្ហាប្រឈមទាំងនេះ គឺជាវិញ្ញាសាជំរុញឲ្យនគរបាលប្រជាជនកម្ពុជា បង្កើនបទពិសោធន៍ សមត្ថភាព និងកសាងស្នាដៃយ៉ាងច្រើនគួរឲ្យកោតសរសើរ ទន្ទឹមនឹងការធ្វើបណ្ដើរ រៀនសូត្របណ្ដើរ ដកស្រង់បទពិសោធន៍បណ្ដើរ។
ចាប់ពីឆមាសទី២ នៃឆ្នាំ ១៩៧៩ ការជ្រើសមន្ត្រីនគរបាលជាផ្លូវការត្រូវបានចាប់ផ្ដើម និងធ្វើឡើងជាបន្តបន្ទាប់។ មន្ត្រីនគរបាលត្រូវទទួលបានការបណ្ដុះបណ្ដាលនៅសាលានគរបាលបុរីកីឡា និងមួយចំនួនទៀតបញ្ជូនទៅរៀននៅវៀតណាម។ ដល់ឆ្នាំ១៩៨០ (៦ខែ) មន្ត្រីនគរបាលដែលបានទទួលការបណ្ដុះបណ្ដាល ត្រូវបញ្ជូនទៅតាមមន្ទីរនគរបាលខេត្ត ក្រុង។ កាលនោះក៏មានការរៀបចំការិយាល័យជំនាញនៅថ្នាក់មន្ទីរខេត្តក្រុង ហើយបន្តបន្ទាប់មក ទម្លាក់ដល់ថ្នាក់ស្រុក-ខណ្ឌ និងឃុំ-សង្កាត់ ដែលបច្ចុប្បន្ននេះ ក្លាយទៅជា ស្នងការដ្ឋាន (ថ្នាក់ខេត្ត), អធិការដ្ឋាន(ថ្នាក់ក្រុង-ស្រុក), ប៉ុស្តិ៍រដ្ឋបាល(ថ្នាក់ឃុំ-សង្កាត់)។
ចាប់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៣ កម្ពុជាបានផ្លាស់ប្ដូររបបគ្រប់គ្រងជាបន្តបន្ទាប់ ឈ្មោះក្រសួងគ្រប់គ្រងនគរបាលជាតិ និងនគរបាលជាតិក៏មានការផ្លាស់ប្ដូរទៅតាមនោះ។
នៅឆ្នាំ ១៩៩៣ ក្រោយការបោះឆ្នោត ដែលរៀបចំដោយ UNTAC កម្លាំងនគរបាលមានចំនួន ៦៨៤៤០ នាក់ ដែលជាការរួមបញ្ចូលគ្នាទាំងបីភាគី គឺភាគីគណបក្សប្រជាជនកម្ពុជា ៤៩២៤៩ នាក់, ភាគីគណបក្សហ្វុនស៊ិនប៉ិច ១៥១០១ នាក់, ភាគីគណបក្សរណសិរ្សរំដោះជាតិ ៤០៤៥ នាក់ ទើបមានការរៀបចំរចនាសម្ព័ន្ធចាត់តាំងក្រោមឱវាទបន្ថែមទៀត ព្រមទាំងធ្វើការផ្លាស់ប្ដូរឈ្មោះ និងដំឡើងថ្នាក់អង្គភាពមួយចំនួនបន្ថែមទៀត ឲ្យស្របទៅនឹងការរីកចម្រើននៃប្រទេសជាតិ។ អនុក្រឹត្យលេខ ១៦ ចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៩៩៣ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ មានរចនាសម្ព័ន្ធចាត់តាំងធំៗ ចំនួន៤ គឺ ខុទ្ទកាល័យ, អគ្គនាយកដ្ឋាននគរបាលជាតិ និងអគ្គធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាល។
ដោយឡែក អគ្គនាយកដ្ឋាននគរបាលជាតិ មាននាយកដ្ឋានកណ្ដាលចំនួន ៥ ដើម្បីគ្រប់គ្រងដឹកនាំបញ្ហា តាមបណ្ដាជំនាញនីមួយៗ ឲ្យកាន់តែសុក្រឹតជាងមុន ក្នុងនោះរួមមាន៖ នាយកដ្ឋានកណ្ដាលព្រំដែន, នាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ, នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌, នាយកដ្ឋានកណ្ដាលសន្តិសុខ និងនាយកដ្ឋានកណ្ដាលមធ្យោបាយ។ នាយកដ្ឋានកណ្ដាលនីមួយៗ មាននាយកដ្ឋានក្រោមឱវាទផ្សេងគ្នាទៀត។
នៅឆ្នាំ ១៩៩៧ រាជរដ្ឋាភិបាលបានបង្កើតស្នងការដ្ឋានពិសេស ការពារបេតិកភណ្ឌ ក្រោយមកបានក្លាយទៅជានាយកដ្ឋានការពារបេតិកភណ្ឌ នៅឆ្នាំ ២០០៦ តាមអនុក្រឹតលេខ១៦៨ អនក្រ។
ដោយសារសភាពការណ៍ ប្រទេសជាតិក្នុងដំណាក់កាលនីមួយៗ មានការវិវត្តន៍ប្រែប្រួលខុសៗគ្នា ហេតុនេះដើម្បីធានាបានសន្តិសុខ សណ្ដាប់ធ្នាប់សង្គម សន្តិភាព ស្ថិរភាពលើផ្ទៃប្រទេសនោះ រចនាសម្ព័ន្ធនគរបាលជាតិត្រូវបានកែទម្រង់ផ្លាស់ប្ដូរជាបន្តបន្ទាប់។ ការកែទម្រង់គួរឲ្យកត់សម្គាល់នោះគឺ អគ្គនាយកដ្ឋាននគរបាលជាតិ បានប្ដូរឈ្មោះទៅជា អគ្គស្នងការនគរបាលជាតិតាមរយៈអនុក្រឹត្យលេខ ២៧ ចុះថ្ងៃទី ១៨ ខែមករា ឆ្នាំ២០០២។ ជាមួយគ្នានេះ នាយកដ្ឋានចំនួន៥ ក៏ត្រូវបានបង្កើតផងដែរ ក្នុងនោះមានដូចជា៖ មន្ទីរប្រឆាំងគ្រឿងញៀន, នាយកដ្ឋានស្ថិតិ-លិខិតឆ្លងដែន, នាយកដ្ឋាននគរបាលទេសចរណ៍, នាយកដ្ឋាននគរបាលអន្តរជាតិ និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងអនីតិជន។
ជារួម ចាប់តាំងពីឆ្នាំ ២០០៧ មកដល់បច្ចុប្បន្ន នគរបាលជាតិ ហាក់ដូចជាមិនមានការប្រែប្រួលអ្វីគួរឲ្យកត់សម្គាល់នោះទេ៕




សូមថ្លែងអំណរគុណដល់លោក សួ ប៉ុណ្ណារ៉ាត់ ប្រធាននាយកដ្ឋានប្រវត្តិវិទ្យា និងវិទ្យាសាស្ត្រនយោបាយ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម, រាជបណ្ឌិត្យសភាកម្ពុជា ដែលបានផ្ដល់ឯកសារយោងដ៏មានសារសំខាន់សម្រាប់អត្ថបទព័ត៌មាននេះ គឺទស្សនាវដ្ដី «អបអរសាទរ ខួបលើកទី៦២ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥-២០០៧»។ សូមរំឭកថា កាលពីឆ្នាំ ២០០៧ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីសម្រេចលេខ ០៦ ស.ស.រ. ស្ដីពី ការបង្កើតគណៈកម្មការស្រាវជ្រាវនិងចងក្រងប្រវត្តិសកម្មភាព និងសមិទ្ធផលនានានៃកងកម្លាំង នគរបាលជាតិកម្ពុជា ចាប់ពីឆ្នាំ ១៩៤៥ ដោយមានឯកឧត្ដម ស៊ន សំណាង ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាប្រធាន, លោកបណ្ឌិត អ៊ីវ ច័ន អនុប្រធានវិទ្យាស្ថានសភាជាតិ និងឯកឧត្ដម ឧត្ដមសេនីយ៍ឯក ម៉ៅ ច័ន្ទតារា អគ្គស្នងការរងនគរបាលជាតិ ជាអនុប្រធាន ព្រមទាំងសមាជិក ២១នាក់ទៀត។
អត្ថបទ៖ ឈិន ធារ៉ាត់

