សម្តេចតេជោ ហ៊ុន សែន អតីតនាយកដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៤នេះ បានថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ។ការថ្លែងរបស់សម្តេចតេជោនោះបានធ្វើឡើងតាមរយៈ កញ្ចក់ទូរទស្សន៍ជាតិកម្ពុជានិងតាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចទាំងតាមហ្វេសប៊ុកនិងតេឡេក្រាម។

ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យកត់ត្រាទុកថា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ជាពេលវេលាដែលសម្តេចតេជោ ប្រកាសថា ព្រែកជីកហ្វូណនតេជោ ជាការ ពង្រឹងឯករាជ្យនយោបាយដឹកជញ្ជូនរបស់កម្ពុជា។

ការចេញមកបញ្ជាក់ជាថ្មីពាក់ព័ន្ធនឹងព្រែកជីក ហ្វូណនតេជោនេះធ្វើឡើងបន្ទាប់ពី នាយករដ្ឋមន្ត្រីវៀតណាម បានផ្តាំតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿននាពេល ថ្មីៗនេះថា វៀតណាមគោរពអធិបតេយ្យរបស់កម្ពុជា តែក៏បង្ហាញនូវការ ត្អូញត្អែរមួយ ចំនួនរបស់ ពលរដ្ឋវៀតណាម លើបញ្ហាបរិស្ថាន។

យ៉ាងណាក៏ដោយសម្តេច បានថ្លែងថា កង្វល់របស់វៀតណាមពាក់ព័ន្ធព្រែកជីកហ្វូណនតេជោ មិនមានភាពចាំបាច់នោះឡើយ។

បើតាមសម្តេតេជោ ជាការគួរសមទាំងសម្តេចធិបតី និងសម្តេចតេជោ បានជម្រាបទៅភាគី វៀតណាមរួចហើយ។ តែបើតាមច្បាប់ គឺមិនតម្រូវឱ្យកម្ពុជាពិគ្រោះយោបល់ជាមួយ វៀតណាមនោះឡើយ។សម្តេចមិនត្រូវការឱ្យពលរដ្ឋកម្ពុជាយកវៀតណាម ធ្វើជាសត្រូវ ហើយក៏មិនត្រូវការឲ្យវៀតណាម យកកម្ពុជាធ្វើជាសត្រូវនោះដែរ។

ទន្ទឹមនឹងចេតនាចង់ឲ្យទំនាក់ទំនងល្អរវាងកម្ពុជានិងវៀតណាមបន្តកើតមានជារៀងរហូតនោះ សម្តេចក៏បានលើកឡើងថា បើកម្ពុជា និងវៀតណាម មានបញ្ហាទំនាក់ទំនងជាមួយគ្នា តើកម្ពុជា អាចដឹកទំនិញតាមផ្លូវទឹកពីទន្លេ ទៅសមុទ្រដោយប្រើផ្លូវទឹករបស់វៀតណាមបានដែរទេ?

ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ វៀតណាម បិទព្រំដែនទាំងអស់ នាំឱ្យមានការកកស្ទះទំនិញចូលទៅវៀតណាមជាខ្លាំង។ ឆ្លើយតបវិធានការនេះ សម្តេច បានជំរុញឱ្យបិទព្រំដែនមិនឱ្យពលរដ្ឋឆ្លងកាត់ព្រំដែនតែម្តង។សម្តេចថា នេះជាវិធានរុញ ទូកបណ្តោយទឹក ហើយជាការទូទាត់គ្នាភ្លាមៗ។ បន្ទាប់មកវៀតណាម ក៏បើកការ ចរចាជាមួយកម្ពុជា។

ឆ្លើយតបទៅនឹងការលើកឡើងរបស់បណ្តាប្រទេសខ្លះ​រួមទាំងក្រុមប្រឆាំងជាពលរដ្ឋ ខ្មែរមួយចំនួនផងដែលថា ព្រែកជីកនេះនឹងបម្រើឲ្យផលប្រយោជន៍ចិននាពេលខាង មុខនោះ សម្តេចតេជោបានបញ្ជាក់ថា  គម្រោងព្រែកជីកហ្វូណនតេជោ មិនស្ថិតក្នុងគម្រោង ខ្សែក្រវាត់ និងផ្លូវរបស់ចិននោះឡើយ គឺជាព្រែកជីកផ្តួចផ្តើម គំនិតទាំងស្រុងដោយកម្ពុជា ហើយចិនមិនបានដឹងលើរឿងនេះឡើយ។សម្តេចថ្លែងថា ជារឿងឆោតល្ងង់ចំពោះការចោទថាគម្រោងនេះផ្តើមចេញពីប្រទេសចិន។

គម្រោងព្រែកជីកហ្វូណនតេជោ ដែលមានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានសិក្សាយ៉ាង ល្អិតល្អន់ពីក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២រូប ទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។ ជាលទ្ធផលនៃការសិក្សាបង្ហាញថា គម្រោងដែល មានតម្លៃវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិកនេះ អាចដំណើរការទៅបាន ដោយគ្មានបង្កជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ និងសមុទ្រ នោះទេ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  បានបញ្ជាក់ប្រាប់សារព័ត៌មានបរទេសកាលពីពេលថ្មីៗនេះថា ក្រោយគម្រោងដែល អនុញ្ញាតឱ្យនាវាចំណុះ៣ពាន់តោន ធ្វើចរាចរបាននេះ នឹងអាចហុចផលដល់សេដ្ឋកិច្ចចន្លោះពី២១% ទៅ៣០%រួមទាំងអត្ថប្រយោជន៍ជា ច្រើនទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអះអាងផងដែរថា ការអភិវឌ្ឍគម្រោងនេះ មិនមាន បច្ច័យប៉ះពាល់ដល់បរិស្ថាននៅកម្ពុជា ឬបរិស្ថានឆ្លងកាត់ព្រំដែនវៀតណាម ហើយវាក៏មិន បានធ្វើឱ្យប៉ះពាល់ដល់លំហូរទឹករបស់ទន្លេមេគង្គនោះដែរ ដ្បិតថា ការសាងសង់ព្រែកជីក នេះ កម្ពុជា នឹងប្រើបច្ចេកទេស និងបច្ចេកវិទ្យាទំនើបមិនឱ្យទឹកសាបហូរចូលទឹកប្រៃ ឬទឹកប្រៃហូរចូលទឹកសាបនោះទេ៕

អត្ថបទ៖សំ នឿន

Share.