ក្នុង​ឱកាស​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី ៧៩ នៃ​ការ​បង្កើត​កង​កម្លាំង​នគរបាល​ជាតិ ឯកឧត្ដម​អភិសន្តិ​បណ្ឌិត ស សុខា តំណាង​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែង​កោតសរសើរ​ដល់​វីរភាព​នៃ​កម្លាំង​នគរបាល​ជាតិ ដែល​បាន​កសាង​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ជូន​ប្រទេសជាតិ​។ ចាប់តាំង​ពី​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ ១៩៤៥ រហូត​ដល់​បច្ចុប្បន្ន ត្រឹម​ឆ្នាំ ២០២៤ នេះ លើកលែង​តែ​ក្នុង​របប​ខ្មែរ​ក្រហម កង​កម្លាំង​នគរបាល​ជាតិ បាន​ដើរ​តួនាទី​ជា​អ្នក​រក្សា​សណ្ដាប់ធ្នាប់​សង្គម រក្សា​សន្តិសុខ​សុវត្ថិភាព ធានា​ការ​គោរព​សិទ្ធិមនុស្ស អប់រំ​ណែនាំ​ប្រជាជន និង​ជំរុញ​ឲ្យ​មាន​ការ​គោរព​ច្បាប់ ការពារ និង​ជួយ​សង្គ្រោះ បង្ការ និង​បង្ក្រាប​គ្រប់​បទ​ល្មើស ដែល​បង្ក​ហានិភ័យ​ដល់​សង្គម​ជាតិ រក្សា​ស្ថិរភាព​នយោបាយ​ និង​ភារកិច្ច​ផ្សេងៗ​ទៀត។ នៅ​អំឡុង​ពេល​ប្រទេស​មាន​សង្គ្រាម​ផ្ទៃ​ក្នុង បែកបាក់​ច្រើន​ភាគី នគរបាល​តែង​ឈរ​នៅ​កៀក​ជាប់​នឹង​ប្រជាជន​ចាំ​ជួយ​ការពារ និង​សង្គ្រោះ សហការ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​កងទ័ព​ដើម្បី​បង្ក្រាប​ពួក​បះបោរ ដែល​ប៉ុនប៉ង​បង្ក​ភ័យព្រួយ​ដល់​ប្រទេស​ជាតិ ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​បង្រួបបង្រួម​ជាតិ​តាម​នយោបាយ​ឈ្នះៗ​របស់​រដ្ឋាភិបាល រហូត​ទទួល​បាន​ឯកភាព​ជាតិ​ទ្រាំង​ស្រុង​។

ឯកឧត្ដម​អភិសន្តិបណ្ឌិត​គូស​បញ្ជាក់​បន្ថែម​ថា មិន​ថា​ប្រទេសជាតិ​ស្ថិត​ក្នុង​សភាពការណ៍​បែប​ណា​នោះ​ទេ នគរបាល​តែ​ដើរ​តួនាទី​យ៉ាង​សំខាន់ ហើយ​មាន​វីរៈមន្ត្រី​នគរបាល​ជា​ច្រើន​រូប បាន​ពលី​ក្នុង​បុព្វហេតុ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ផង​ដែរ​។ ពួកគាត់​សុទ្ធ​តែ​ជា​គំរូ​នៃ​វីរភាព អង់​អាច​ក្លាហាន និង​ស្មោះត្រង់​ចំពោះ​ប្រទេស​ជាតិ​។

ខួប​អនុស្សាវរីយ៍​លើក​ទី ៧៩ នៃ​ការ​បង្កើត​កង​កម្លាំង​នគរបាល ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ២០២៤ ក្រោម​អធិបតីភាព​ឯកឧត្ដម​អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត​។

គោល​បំណង​សំខាន់​នៃ​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​នៃ​ការ​បង្កើត​កង​កម្លាំង​នគរបាល គឺ ទី១ ដើម្បី​ផ្សព្វផ្សាយ​ដល់​មតិ​ជាតិ អន្តរជាតិ និង​កង​កម្លាំង​នគរបាល​ជាតិ​ទូទាំង​ប្រទេស​ឲ្យ​បាន​ដឹង​អំពី​ថ្ងៃ​បង្កើត​កើត​ឡើង​របស់​នគរបាល​ជាតិ​។ ទី២ ដើម្បី​ស្រាវជ្រាវ​យក​មក​ផ្សព្វផ្សាយ​នូវ​ប្រវត្តិ​សកម្មភាព សមិទ្ធផល ស្នាដៃ​របស់​កង​កម្លាំង​នគរបាល​ជាតិ​ដែល​បាន​បង្កើត​ឡើង​តាម​ដំណាក់កាល​នីមួយៗ ដើម្បី​បុព្វហេតុ​ជាតិ សន្តិសុខជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។ ទី៣ បំផុស​ឲ្យ​មាន​មនសិការ​ជាតិ បង្ហាញ​អំពី​គំរូ​វីរភាព​អង់អាច​ក្លាហាន​របស់​រៀមច្បង​ជំនាន់​មុន ដែល​មាន​ភាព​ស្មោះត្រង់ និង​ស្មារតី​មោះមុត​ក្នុង​ជួរ​កងកម្លាំង​នគរបាល​ជាតិ ដើម្បី​ឲ្យ​នគរបាល​ជំនាន់​ក្រោយ​យក​គំរូ​តាម​ផង​ដែរ និង​ក្នុង​គោល​ដៅ​លើក​កម្ពស់​ប្រសិទ្ធ​ភាព​ការងារ​ផង រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ប្រទេសជាតិ​ផង​។

ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​ជម្រាប​ទៅ​កាន់​គណៈ​អធិបតី និង​មន្ត្រី​នគរបាល​តំណាង​ឲ្យ​អង្គភាព​គ្រប់​ជំនាញ និង​គ្រប់​ជាន់ថ្នាក់ អំពី​វឌ្ឍនភាព​នៃ​នគរបាល​ជាតិ ដែល​មាន​ការ​លូតលាស់​យ៉ាង​ល្អ​ប្រសើរ ទាំង​សមត្ថភាព​របស់​មន្ត្រី​នគរបាល​តាម​ជំនាញ​នីមួយៗ ទាំង​មធ្យោបាយ អាវុធ និង​សម្ភារៈ​បច្ចេកទេស ដើម្បី​បម្រើ​ក្នុង​ប្រតិបត្តិការ​។

មន្ត្រី​នគរបាល​ដែល​បាន​បណ្ដុះបណ្ដាល ហ្វឹកហ្វឺន និង​ចេញ​បំពេញ​ភារកិច្ច​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ គឺ​សក្ដិសម​ជា​មន្ត្រី​នគរបាល​មាន​ជំនាញ វិជ្ជាជីវៈ និង​ប្រកាន់ខ្ជាប់​នូវ​វិន័យ​យ៉ាង​ម៉ឺងម៉ាត់​។ សមិទ្ធផល​នគរបាល​ទាំង​អស់​នេះ បាន​មក​ដោយសារ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រាជរដ្ឋាភិបាល និង​ជំនឿ​ទុកចិត្ត​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​។

តាងនាម​ឲ្យ​នគរបាល​ជាតិ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បំពេញ​តួនាទី​ភារកិច្ច​ឲ្យ​អស់​លទ្ធភាព ដើម្បី​ប្រទេសជាតិ ដោយ​យក​គំរូ​តាម​វីរភាព​នៃ​រៀមច្បង​នគរបាល​ដែល​មាន​ស្នាដៃ​កន្លង​មក​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.