ប្រធានគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តទី៤ បានចេញសារលិខិតមួយផ្ញើជូន សមាជិក សមាជិកានៃក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេស និងបានអំពាវនាវ ឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ទាំង អស់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

នៅក្នុងសារលិខិតចុះថ្ងៃទី១៧ខែឧសភាឆ្នាំ២០២៤នេះដែរ សម្តេចតេជោហ៊ុន សែនបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាសូមប្រកាសជាឱឡារិកចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តទី៤នេះ ដោយគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជូនតាមច្បាប់ បទបញ្ជា នីតិវិធីនិងក្រមសីលធម៌នៃការ បោះឆ្នោតនិងគោរពលទ្ធផលនៃការបោះឆ្នោត។

ក្នុងនោះគណបក្សកាន់អំណាចបានប្រកាសថា ខ្លួននឹងចូលរួមជាមួយគណបក្សនយោបាយនានារួមទាំងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដើម្បីរក្សាបរិយកាសនយោបាយសម្រាប់ការបោះឆ្នោតឲ្យប្រព្រឹត្តទៅប្រកបដោយ សេរី យុត្តិធម៌ មានសណ្តាប់ធ្នាប់ល្អនិងសុវត្ថិភាព។

ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២៦ខែឧសភាឆ្នាំ​ ២០២៤នេះ ដោយមានគណបក្សនយោបាយ ចូលរួមចំនួន ៥គណបក្ស គឺ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ៕

Share.