
យោងតាមការចេញផ្សាយពីគេហទំពរ BBC Sport បានឱ្យដឹងថា កីឡាករ Sunil Chhetri ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិឥណ្ឌា បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ក៏ដូចជាក្រុមជម្រើសជាតិរបស់ខ្លួន ក្រោយចំណាយពេលអស់១៩ឆ្នាំ។

នៅក្នុងវីដេអូមួយដែលកីឡាករ Sunil Chhetri បានបង្ហោះលើបណ្តាញសង្គម Twitter បាននិយាយថា ជំនួបរវាងក្រុមជម្រើសជាតិឥណ្ឌា ទល់នឹងក្រុមគុយវ៉ែត នៃការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២៦ នឹងក្លាយជាការប្រកួតចុងក្រោយរបស់គេឱ្យជម្រើសជាតិឥណ្ឌា។
សូមជម្រាបថា កីឡាករ Sunil Chhetri បច្ចុប្បន្នមានវ័យ ៣៩ឆ្នាំ បានចូលរូមជាមួយក្រុមជម្រើសជាតិឥណ្ឌាតាំងពីឆ្នាំ២០០៥ មកម្លេះ គិតមកទល់ពេលនេះរូបគេបង្ហាញខ្លួនសរុបបានចំនួន១៥០ប្រកួត រកបាន៩៤គ្រាប់ ខណៈរូបគេក៏ជាប់កំណត់ត្រាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនៅលើពិភពលោក ថែមទៀតផង បន្ទាប់ពីកីឡាករ Cristiano Ronaldo ខ្សែប្រយុទ្ធរបស់ជម្រើសព័រទុយហ្គាល់ និងកីឡាករ Messi របស់អាហ្សង់ទីន៕


