ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កត់សម្គាល់​នូវ​វឌ្ឍនភាព​នៃ​កងកម្លាំង​នគរបាល​ជាតិ​ថា មាន​ការ​កែប្រែ​របៀបរបប និង​ឥរិយាបថ​ធ្វើ​ការ​របស់​មន្ត្រី​នគរបាល​គ្រប់រូប ក្នុង​ការ​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​ប្រចាំថ្ងៃ លើ​មូលដ្ឋាន​នៃ​ការងារ​របស់​ខ្លួន​នីមួយៗ តាម​រយៈ​ទ្រឹស្ដី «​សម្អាត​ផ្ទះ​ខ្លួនឯង​ជា​មុន​សិន​» ជា​ពិសេស​ពង្រឹង​ការ​អនុវត្តន៍ តួនាទី ភារកិច្ច និង​ការ​លើក​កម្ពស់​សមត្ថភាព មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល និង​ការ​បង្កើន​នូវ​បរិយាកាស​កក់ក្ដៅ និង​ជំនឿ​ទុកចិត្ត​ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​សហការ​ចូលរួម​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​។

លោក​ឡើង​បែប​នេះ​នៅ​ក្នុង​ឱកាស​រំឭក​ខួប​អនុស្សាវរីយ៍​លើក​ទី ៧៩ នៃ​ការ​បង្កើត​កង​កម្លាំង​នគរបាល​ជាតិ នា​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ​២០២៤​។

លោក​ក៏​រំលេច​ផង​ដែរ​អំពី​សភាពការណ៍​នយោបាយ និង​សេដ្ឋកិច្ច​សកល សង្គ្រាម​ក្នុង​តំបន់ និង​ពិភពលោក ការ​ដណ្ដើម​ភូមិសាស្ត្រ​នយោបាយ ដែល​កំពុង​រីក​រាលដាល​បង្ក​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ពិបាក​នឹង​ប៉ាន​ស្មាន​។ ជា​មួយ​គ្នា​នេះ​ការ​កើន​ឡើង​នៃ​ការ​ផលិត និង​ចែកចាយ​គ្រឿង​ញៀន ការ​ជួញដូរ​អាវុធ​ខុស​ច្បាប់ ការ​ជួយ​ដូរ​មនុស្ស សកម្មភាព​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ជា​ពិសេស​បទល្មើស​បច្ចេកវិទ្យា កំពុង​តែ​រីក​រាលដាល ប្រែក្លាយ​ជា​បញ្ហា​សកល បង្ក​​អស្ថិរភាព​ក្នុង​សង្គម បង្កើត​ឲ្យ​មាន​វិបត្តិ នយោបាយ សេដ្ឋកិច្ច ស្បៀងអាហារ និង​មនុស្សធម៌ ដែល​ជះ​ឥទ្ធិពល​ទៅ​លើ​ប្រទេស​ក្នុង​តំបន់ និង​ផ្នែក​ខ្លះ​នៃ​សកលលោក ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ​។

នេះ​ជា​វិញ្ញាសា​ដែល​កងកម្លាំង​នគរបាល​ជាតិ​ត្រូវ​ដោះស្រាយ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ដែល​ជា​លក្ខខណ្ឌ​ចាំបាច់​ដំបូង​បង្អស់​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ​។

ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត​បាន​ផ្ដល់​អនុសាសន៍​សម្គាល់​មួយ​ចំនួន​ជូន​កងកម្លាំង​នគរបាល​ជាតិ​យ៉ាង​ដូច្នេះ​៖ កង​កម្លាំង​នគរបាល​ជាតិ ត្រូវ​បន្ត​តម្កល់​ឆន្ទៈ មនសិការ ស្នេហាជាតិ ស្រលាញ់​វិជ្ជាជីវៈ និង​ខិតខំ​បំពេញ​ការងារ​ឲ្យ​បាន​សស្រាក់សស្រាំ ដើម្បី​សុខដុមរមនា និង​វិបុលភាព​ប្រទេសជាតិ​។ ត្រូវ​បន្ត​យកចិត្តទុកដាក់ លើក​កម្ពស់​សមាសភាព​ធនធាន​មនុស្ស និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង ដោយ​ធានា​ឲ្យ​បាន​ថា មន្ត្រី​នគរបាល​ម្នាក់​ត្រូវ​មាន​ចំណេះដឹង​ជា​មូលដ្ឋាន​អំពី​ច្បាប់ មាន​ក្រមសីលធម៌ វិជ្ជាជីវៈ មាន​កិត្តិយស​សេចក្ដី​ថ្លៃថ្នូរ ដើម្បី​អនុវត្ត​ការងារ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ធានា​ការ​គោរព​សិទ្ធិមនុស្ស និង​ចូលរួម​ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ​។ ត្រូវ​បន្ត​ពង្រឹង និង​លើ​កម្ពស់​ការ​ផ្ដល់​សេវារ​បស់​នគរបាល​ឲ្យ​កាន់​តែ​មាន​ភាព​សាមញ្ញ ឆាប់រហ័ស មាន​តម្លាភាព គណនី​ភាព  ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ សេចក្ដី​ត្រូវការ និង​បញ្ហា​របស់​ប្រជាពលរដ្ឋ​ទាន់​ពេលវេលា​។ ត្រូវ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​ការ​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ប្រកប​ដោយ​និរន្តរភាព និង​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ដល់​ការ​លើក​កម្ពស់​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​តាម​មូលដ្ឋាន ដើម្បី​ផ្ដល់​ទំនុក​ចិត្ត​ជូន​ដល់​ប្រជាពលរដ្ឋ​។ បញ្ហា​សន្តិសុខ ជា​កត្តា​តម្រូវ​ចាំបាច់ បញ្ជាការ​ឯកភាព​តាម​បណ្ដា​រាជធានី​-​ខេត្ត ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​លើក​កម្ពស់​ស្មារតី និង​សហការ​គាំទ្រ​ដល់​សកម្មភាព​កងកម្លាំង​នគរបាល​ជាតិ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​សន្តិភាព និង​ស្ថិរភាព នាំ​ឲ្យ​ប្រទេស​ជាតិ​សម្រេច​បាន​ការអភិវឌ្ឍ​តាម​ផែន​ការ​គ្រោង​ទុក​។ អង្គភាព និង​កងកម្លាំង​ទាំង​អស់ ត្រូវ​បន្ត​ពង្រឹង​ភាព​ជា​គំរូ​ល្អ​ដល់​សាធារណជន ជា​ពិសេស​ត្រូវ​គោរព និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ព្រម​ទាំង​ជៀស​ឲ្យ​ផុត​ពី​គ្រឿងញៀន​។ ត្រូវ​ចាត់​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព​រាល់​សកម្មភាព​ក្មេង​ទំនើង និង​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ ព្រមទាំង​សកម្មភាព​អសកម្ម​ផ្សេងៗ នៅ​តាម​សហគមន៍ សំដៅ​ធានា​ឲ្យ​បាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​គូស​បញ្ជាក់​បន្ថែម​ថា នៅ​នីតិកាល​ទី​៧​នេះ ក្រសួង​មហាផ្ទៃ​កំពុង​យកចិត្ត​ទុកដាក់ និង​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​កង​កម្លាំង​នគរបាល​ជាតិ ឲ្យ​កាន់​តែ​មាន​ល្អ​ប្រសើរ​ឡើង​ជា​ដំណាក់កាល​ៗ​។ ជា​មួយ​គ្នា​នេះ សមភាព​យេនឌ័រ​ក្នុង​ស្ថាប័ន​នគរបាល​ក៏​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ផង​ដែរ​។ នៅ​ឆ្នាំ ២០២៥ លំហ​យេនឌ័រ​នៅ​ក្នុង​វិស័យ​កងកម្លាំង​នគរបាល នឹង​បើក​កាន់​តែ​ធំ​ទូលាយ ដើម្បី​បង្កើន​ចំនួន​នគរបាល​ស្ត្រី​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.