បន្ទាយមានជ័យ ៖ អាសូរណាស់ទារិកាអភ័ព្វ កើតមកហើយ បែរជាម្តាយ ឪពុកចិត្តដាច់ ដាក់កន្ត្រកយកទៅប្លុងចោលតាមផ្លូវ រហូតទាល់តែមេឃធ្លាក់ភ្លៀងទទឹកសើម ឮសូរស្រែកយំ ទើបប្រជាពលរដ្ឋដឹង ផ្អើលឆោឡោរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវក្បែរម្លប់ឫស្សី ក្នុងភូមិប៉ាលិលេយ្យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាអធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ មេឃធ្លាក់ភ្លៀង ស្រាប់តែឮសូរសម្លេងក្មេងយំ ផ្អើលនាំគ្នាស្វែងរក តាមសម្លេង ទើបប្រទះឃើញទារិកា ដែលទើបនឹងកើតប្រហែល២ទៅ៣ថ្ងៃ ដាក់នៅក្នុងកន្ត្រកជ័រ មិនដឹងថាម្តាយ ឪពុកចិត្តអប្រិយណាយកកូនស្រីទៅប្លុងចោលបែបនេះ ។

ក្រោយពីប្រទះឃើញទារិកា ពលរដ្ឋរាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ក្រុមសង្គ្រោះ ដើម្បីយកទារិកាខាងលើ ទៅមន្ទីរពេទ្យបង្អែកដីថ្មីប៉ោយប៉ែត ដើម្បីពិនិត្យតាមដានសុខភាពសិន ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.