នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នេះ ក្លិបបាល់ទាត់វិសាខា បានប្រកាសចែកផ្លូវជាមួយកីឡាករសញ្ជាតិប្រេស៊ីល Jonata De Oliverira Bastos ក្រោយរូបគេបានចូលរួមជាមួយក្លិបបាន១រដូវកាល។
កីឡាករ Jonata De Oliverira Bastos បានបង្ហាញខ្លួនសរុបឱ្យក្រុមវិសាខា ក្នុងការប្រកួតពានរង្វាន់ Cambodian Premier League, និងពានរង្វាន់ Cambodian Super Cup សរុបចំនួន២៩ប្រកួត ស្នើនឹង ២,០៧៦នាទី រកគ្រាប់បាល់បាន១០គ្រាប់ ព្រមទាំងបានបញ្ចូនបាល់ឱ្យមិត្តរួមក្រុមសម្រេចទីបានចំនួន២លើកថែមទៀតផង។

កីឡាករ Jonata de Oliveira Bastos កើតនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ១៩៩៧ (អាយុ ២៥ឆ្នាំ) កម្ពស់ ១.៨៨ម៉ែត្រ តំណែងជាខ្សែបម្រើប្រយុទ្ធ បានចូលរួមជាមួយក្លិបបាល់ទាត់វិសាខា នៅថ្ងៃទី៩ ខែកក្តដា ឆ្នាំ២០២៣ កន្លងទៅ។
ចំពោះបទពិសោធន៍វិញ Jonata ចាប់ផ្តើមអាជីពដំបូងនៅប្រទេសប្រេស៊ីល ដូចជា Clube de Regatas Brasil, Cruzeiro Esporte Clube និង Vila Nova FC។
ក្រោយមកក៏បានផ្លាស់មកកាន់ក្លិបនៅប្រទេសព័រទុយហ្គាល់ ដោយបានលេងឱ្យ Braga FC B និង Alverca ក្រោយមកទៀតបានចូលជាមួយក្លិប UD Oliveirense Futebol SAD នៅលីគទីពីរព័រទុយហ្គាល់ បង្ហាញខ្លួនបាន ២៥ប្រកួត ស៊ុតបញ្ចូលទីបាន ៥គ្រាប់៕




