ភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ ទោះជាកូនចៅ ហាមឃាត់ មិនឱ្យដើររើសអេតចាយយ៉ាងណាក្តី នៅតែលួចចេញដើររើសអេតចាយ គ្រាន់យកទៅលក់បានលុយធ្វើសោហ៊ុយ ជូនដំណើរកូនស្រីទៅប្រទេសជប៉ុន ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ គ្រាដែលដើរឆ្លងផ្លូវ ត្រូវបានម៉ូតូលេត ជិះជ្រុលបុក បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ បែកក្បាល បាក់ដៃឆ្វេង បាក់ជើងស្តាំ កាលពីវេលាម៉ោង៦និង៣៥នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ផុន ឡាង ភេទស្រី អាយុ៧៣ឆ្នាំ មានទីលំនៅក្នុងភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា ជនរងគ្រោះ អ្នកស្រុកសរសើរហើយ ខាងសន្សំ រកប្រាក់ មិនឱ្យពេលវេលាខាត់បង់ប្រយោជន៍សម្រាប់គាត់ ទោះជាកូនចៅហាមឃាត់ មិនឱ្យទៅណា ធ្វើអ្វី ហួសកម្លាំងមនុស្សចាស់យ៉ាងណាក្តី លោកយាយនៅតែលួចចេញដើររើសអេតចាយ ។

ប្រភពបន្តទៀតថា លោកយាយមានកូនស្រីម្នាក់ត្រូវចេញដំណើរទៅប្រទេសជប៉ុននាយប់នេះហើយ តែលោកយាយឆ្លៀតពេល លួចចេញដើររើសអេតចាយ គ្រាន់យកទៅលក់បានលុយ ទុកធ្វើសោហ៊ុយ ជូនដំណើរកូនស្រីទៅបរទេស គាប់ជួនគ្រាដែលដើរឆ្លងផ្លូវពីលិចទៅកើត ស្រាប់តែមានម៉ូតូលេតមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1CB-8706 ជិះដោយបុរសម្នាក់ ពីជើងទៅត្បូង ជ្រុលបុក បណ្តាលឱ្យរងរបួសធ្ងន់ បែកក្បាល បាក់ដៃឆ្វេង បាក់ជើងស្តាំ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកភាគីខាងម៉ូតូ ក៏ធ្វើដំណើរជាមួយក្រុមគ្រួសារជនរងគ្រោះ ទៅជួយមើលនៅមន្ទីរពេទ្យផងដែរ ៕

អត្ថបទ៖ តាតុងសែនជ័យ

https://troryorng.com/
Share.