ភ្នំពេញ ៖ យុវជនពីរនាក់រងរបួសបែកក្បាល បែកមុខបែកមាត់ ដោយសារសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ប្រើអំពើហឹង្សា បន្ទាប់ពីហៅឃាត់ម៉ូតូជិះអត់មានស្លាកលេខ កាលពីវេលាម៉ោង២និង ៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


បើតាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ គាត់និងបងប្រុសម្នាក់ទៀត ជិះម៉ូតូហុងដាឌ្រីម ដែលទើបនឹងទិញ បង់រំលោះ គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់ភូមិសាស្ត្រសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែ កម្លាំងនគតបាលសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ប្រដេញតាមហៅឃាត់សាកសួរ តែខ្លួនសុំមិនឈប់ទេកន្លែងងងឹត សុំទៅឈប់កន្លែងមានភ្លើងភ្លឺវិញ ធ្វើឱ្យកម្លាំងនគរបាលមួយក្រុមនោះ ខឹងប្រើហឹង្សាវាយ បណ្តាលឱ្យរងរបួស ទាំង២នាក់ ដោតចោទប្រកាន់ថា មាត់រឹង ទទឹង នឹងការងាររបស់សមត្ថកិច្ច ទោះជាលើកហេតុផលយ៉ាងណាក៏មិនស្លាប់ដែរ នាំយកទៅប៉ុស្តិ៍នគរបាលចោមចៅទី២ គ្រាន់តែលើកហេតុផល នៅតែមិនស្តាប់ ខឹងថាមាត់រឹង ក៏ប្រើអំពើហឹង្សាជាលើកទី២ (នេះជាការអះអាងរបស់ជនរងគ្រោះតែម្ខាងប៉ុណ្ណោះ)។


ជនរងគ្រោះបន្តថា ដោយភ័យខ្លាច ជនរងគ្រោះនាំគ្នាជិះម៉ូតូ ចេញទៅតាមផ្លូវសហព័ន្ធរុស្សុី ដល់ចំណុចខាងមុខអគារអ៊ែតវ៉ូត ភូមិទ្រង់មាន់ សង្កាត់សែនសុខ បានជួបជាមួយបងៗក្រុមអ្នកសារព័ត៌មាន ឃើញមានស្នាមរបួស ហៅសាកសួរ ទើបរៀបរាប់តាមដំណើររឿង នូវអ្វីដែលកងកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ ប្រើហឹង្សាមកលើខ្លួន។
ជនរងគ្រោះបានប្រាប់ថាមិនហ៊ានតតាំងនឹងគេទេ ព្រោះគេជាសមត្ថកិច្ច ក៏បានសំណូមពរផងដែរ ដល់ថ្នាក់ដឹកនាំ ស្នងការក្រុងភ្នំពេញ ក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៍ឱ្យខ្លួនផង ដែលត្រូវគេវាយបែបនេះ ។
ជុំវិញការចោទប្រកាន់រនស់យុវជនទាងពីរនាក់ខាងលើ ក្រុមការងារត្រយង ពុំទាន់ទទួលបានការបកស្រាយណាមួយជាមួយខាងមន្រ្តីមសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យនៅឡើយទេ៕

អត្ថបទ៖ ត្រយងតូច

