ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បែកក្បាល ចំណែកបងស្រីរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តធុនធំបើកបុកពីក្រោយរុឺម៉កម៉ូតូដឹកអុីវ៉ាន់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លួវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ ឡាយ ណាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ លក់មីឆា ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រពាំងផ្នែល ឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត ជាអ្នកបើករុឺម៉ក រងរបួសបែកក្បាល ។ ទី២ ឈ្មោះ ឡាយ ណាន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់មីឆា ស្នាក់នៅ និងមានស្រុកកំណើតជាមួយគ្នា ត្រូវជាបងស្រី រងរបួសស្រាល ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះរើអុីវ៉ាន់ ពីកន្លែងលក់ដូរ ដឹកតាមរុឺម៉ក វិលទៅផ្ទះ តាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំ មួយគ្រឿងបើកពីត្បូងទៅជើងជ្រុលបុកពីក្រោយរុឺម៉ក បណ្តាលឱ្យធ្លាក់អ្នកបើកបរម៉ូតូរងរបួសធ្ងន់បែកក្បាល បងស្រីជិះលើរុឺម៉ក រងរបួសស្រាល រថយន្តបើករត់គេចទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់បងប្អូន ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករុឺម៉កម៉ូតូ ប្រគល់ឱ្យក្រុមគ្រួសារយកទៅរក្សាទុកខ្លួនឯង ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.