ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ទើបមកជួលបន្ទប់ស្នាក់នៅបាន១ថ្ងៃ មិនដឹងថាមានបញ្ហា វិប្បត្តិរឿងអ្វី បែជាលោតទម្លាក់ខ្លួនចេញពីបន្ទប់ជាន់ទី៥ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅខាងក្រោយសណ្ឋាគារ អន្តរជាតិ ឡានប៉រ៉ាន ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សុី មុខព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ FENG YUYI ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG30049475 ទើបមកជួលបន្ទប់ស្នាក់នៅកន្លែងកើតហេតុបាន១ថ្ងៃ ។

តាមអ្នកបម្រើការងារក្នុងសណ្ឋាគារ បានឱ្យដឹងថា ជនរងគ្រោះខាងលើទើបមកជួលបន្ទប់ស្នាក់នៅជាន់ទី៥ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ស្រាប់តែនៅល្ងាចថ្ងៃនេះ លោតសម្លាប់ខ្លួន ធ្វើអត្តឃាតទៅវិញ ។

បើតាមប្រជាពលរដ្ឋអ្នករស់នៅខាងក្រោយសណ្ឋាគារបានឱ្យដឹងថា នៅវេលាម៉ោងខាងលើឮសូរសម្លេងអ្វីធ្លាក់ នៅចន្លោះផ្ទះ ខាងក្រោយសណ្ឋាគារ ដើរទៅមើលប្រទះឃើញបុរសជនជាតិចិន សង្ស័យលោតចេញពីបន្ទប់ជាន់ទី៥ ព្រោះឃើញបន្ទប់របស់ជនរងគ្រោះ ចំហរបង្អួច ។

ក្រោយពីកើតមានករណីធ្វើអត្តឃាត រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅសាកសួរ ពិនិត្យកោសល្យវិច័យ៕
អត្ថបទ÷ តាតុងសែនជ័យ
