ភ្នំពេញ៖ ស្ត្រីអ្នកលក់ផ្លែឈើម្នាក់ ស្លាប់ភ្លាមៗនៅកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តPrius បើកបុកជាមួយម៉ូតូសណ្តោងរុឺម៉ក ដឹកផ្លែឈើ កំពុងបើកឆ្លងផ្លូវ កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ២ ក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះស្លាប់នៅកន្លែង មានឈ្មោះ ឆេង ងីម ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរលក់ផ្លែឈើ មានទីលំនៅភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាអ្នកបើកម៉ូតូសណ្តោងរុឺម៉ក ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើកម៉ូតូសណ្តោងរុឺម៉ក ដឹកផ្លែឈើ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្ន ធ្វើឱ្យរថយន្តPrius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BN-6144 កំពុងបើកពីត្បូងទៅជើង ហ្វ្រាំងមិនទាន់ជ្រុលបុក បណ្តាលឱ្តស្លាប់ស្ត្រីម្នាក់ អ្នកបើកបររថយន្តចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅពិនិត្យ ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយទាំង២គ្រឿង រថយន្តនិងម៉ូតូរុឺម៉ក ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.