កំពង់ចាម៖ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្សារសណ្តែក ដែលស្ថិតក្នុងភូមិកំប៉ាល់ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម មានការរអ៊ូរទាំខ្លាំង ដោយសារការកកស្ទះចរាចរណ៍ជារាងរាល់ថ្ងៃ ដោយសារតែនៅផ្លូវបេតុងជុំវិញផ្សារត្រូវបានថៅកែវិនិយោគផ្សារ ឱ្យយអាជីវករយកចំណីថ្នល់ធ្វើអាជីវកម្ម មានការផ្ញើម៉ូតូ លក់អីវ៉ាន់ចាប់ហួយគ្រប់មុខ ត្រី សាច់ជ្រូក មាន់ ទា បន្លែ ផ្លែឈើ យ៉ាងអណាធិបតេយ្យ។


ដោយអាជីវករមួយចំនួនទៀតបានលក់នៅលើលូរទឹកស្អុយ ខ្មៅក្រខ្វក់ លាយឡំដោយសត្វដង្កូវ កាកសំណល់ និងក្លិនអសោចរាប់សិបខែ ឆ្នាំមកហើយ ការស៊ូទ្រាំលក់ដូរដើម្បីចិញ្ចឹមជីវិតយ៉ាងវេទនា ក្នុងគ្រាអន្តរកាលដ៏លំបាកប្រកបដោយធំក្លិនស្អុយនេះ ពួកគាត់បានស្មើឲ្យថៅកែផ្សារ អាជ្ញាធរស្រុក និងជំនាញពាក់ព័ន្ធជួយដោះស្រាយ មេត្តាបូមទឹកស្អុយចេញផង ព្រោះពួកគាត់អាចប្រឈមនឹងសុខភាពយ៉ាងធ្ងន់ធ្ងរ ។
តាមក្រុមអាជីវករផ្សារសណ្តែកបានលើកឡើងថា ការតស៊ូលក់ដូរនៅលើលូរបែបនេះ ជាយូរឆ្នាំមកហើយ ដោយគ្មានកន្លែងលក់ ចេះតែនាំគ្នាទ្រាំលក់ទៅ ពួកគាត់តែងស្មើសុំឲ្យថៅកែវិនិយោគផ្សារមេត្តាជួយបូមទឹកស្អុយចេញពីលូរ និងរកទីតាំងលក់ឲ្យបានសមរម្យផង តែម្ចាស់ផ្សារ បានត្រឹមតែថា ចាំដោះស្រាយបូមជូនជាច្រើនដង តែឥតប្រយោជន៍ ។ អាជ្ញាធរស្រុក បរិស្ថានខេត្ត ក៏មិនបានចុះត្រួតពិនិត្យបញ្ហាក្លិនស្អុយសាយភាយចូលក្នុងផ្សារ ចូលវត្តគួរឲ្យរអើមបំផុត ពិសេសទៀតការប្រមូលភាស៉ី យកលើសសៀវភៅបន្ទុក ដូចជាម៉ូតូ១គ្រឿង គឺយក១ពាន់ រៀលឯណោះ។


ទាក់ទងនឹងបញ្ហានេះ យើងបានទាក់ទងទៅ លោក អំ រឹម ថៅកែវិនិយោគផ្សារសណ្តែកបានបញ្ជាក់ថា ការងារនឹងលោកបានឲ្យទៅខាងភាស៉ីគេម៉ៅការបន្តហើយ ការចង្អៀតមានមែន ហើយចំពោះក្លិនស្អុយ និងការយកភាស៉ីលើសសៀវភៅបន្ទុកចាំគាត់សួរទៅខាងភាស៉ីសិន ។
ដូចគ្នានេះដែរ លោក ផេន សុផល អភិបាល នៃគណៈអភិបាលស្រុកបាធាយបានបញ្ជាក់ថា រឿងកកស្ទះធម្មតាទេទីផ្សារ ហើយក្លិនទឹកស្អុយក្នុងលូរទាល់តែយើងរួមគ្នាធ្វើ ទីផ្សារត្រីស្អុយអីចឹងហើយគ្រប់តែផ្សារនឹង លើកលែងតែផ្សារទំនើបទេ ដែលមិនស្អុយនោះ រឿងភាស៉ីយកលើសសៀវភៅបន្ទុកនោះចាំស្រុកសួរទៅខាងភាស៉ីសិន ៕


អត្ថបទ៖ អាចារ្យលាក់

