
យោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ ដែលបង្ហាញដោយនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅក្នុងពិធីរំឭកខួបអនុស្សាវរីយ៍លើកទី៧៩ នៃថ្ងៃបង្កើតនគរបាលជាតិ កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០០២៤ បង្ហាញថា នៅឆ្នាំ ២០២៣ បទល្មើសព្រហ្មទណ្ឌ សរុបជារួមបានកើតឡើងចំនួន ៣ ៥១១ លើក កើនឡើង ៧៤១ លើក បើប្រៀបធៀបនឹងឆ្នាំ ២០២២ ក្នុងនោះភាគច្រើនជាបទល្មើសមជ្ឈិម។ ៩០ ភាគរយនៃបទល្មើសខាងលើ ពោលស្មើនឹង ជាង ៣១០០ លើក ត្រូវបានកងកម្លាំងនគរបាលធ្វើការបង្ក្រាបបាន។
ចំពោះបទល្មើសគ្រឿងញៀនវិញ សមត្ថកិច្ចស្រាវជ្រាវ បង្ក្រាបបាន ៧០៦២ ករណី ឃាត់ខ្លួនជនល្មើសសរុប ១៧ ៣៦៣ នាក់ ក្នុងនោះមានជនបរទេស ៤១ នាក់ និងបានរឹបអូសសារធាតុញៀនចំនួន ៣តោន ២១៧គីឡូក្រាម, សារធាតុគីមីផ្សំចំនួន ៨៤២គីឡូក្រាម, កញ្ឆា ៣៣ ៦៩៧ ដើម រួមទាំងអាវុធ ឧបករណ៍សម្ភារៈ និងវត្ថុតាងជាច្រើនទៀត។
កងកម្លាំងនគរបាលជាតិ ក៏បានប្រមូលផ្ដុំវិធានការជំនាញប្រឆាំងនឹងការជួញដូរមនុស្ស, ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ដោយបានកាត់ផ្ដាច់ខ្សែបណ្ដាញ មិនឲ្យមានការរាលដាលតទៀត។ ពាក់ព័ន្ធនឹងបញ្ហានេះ នគរបាលបានស្រាវជ្រាវបង្ក្រាបបាន ១៥៧ ករណី, ឃាត់ខ្លួនជនល្មើសបាន ១៨៥ នាក់បញ្ជូនទៅតុលាការ និងបានជួយសង្គ្រោះជនរងគ្រោះដោយអំពើជួញដូរចំនួន ៤៩៥ នាក់។
ចំណែកឯ ចំណាត់ការបង្ក្រាបក្រុមក្មេង និងល្បែងស៊ីសងក្នុងសហគមន៍ សមត្ថកិច្ចបានធ្វើការបង្ក្រាបក្មេងទំនើងចំនួន ១ ៧៨៦ លើក, ឃាត់ខ្លួនបញ្ជូនទៅតុលាការចំនួន ១២១៨ នាក់ និងអប់រំណែនាំ ធ្វើការព្រមាន និងធ្វើកិច្ចសន្យាចំនួន ២១០៥ នាក់។ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទបាន ១៧៨៦ ករណី, ឃាត់ខ្លួនបញ្ជូនទៅតុលាការ ៧១០ នាក់, អប់រំណែនាំ ព្រមាន និងធ្វើកិច្ចសន្យា ២៤៤៥ នាក់៕
អត្ថបទ៖ ឈិន ធារ៉ាត់

