កីឡាករកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ដណ្ដើមបានមេដាយប្រាក់ចំនួន ២គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ ២០២៤ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

នៅថ្ងៃប្រកួតបើកឆាក កីឡាករ ឆឹង ណូរ៉ា បានដណ្តើមមេដាយប្រាក់ចំនួនមួយគ្រឿងជូនជាតិ ប្រកួតវិញ្ញាសា Men’s Athletic Physique up to 160cm ខណ: ប្រុសសង្ហា ស្រ៊ិន រាជ្យ បានឈ្នះមេដាយប្រាក់ ១គ្រឿងទៀតប្រកួតវិញ្ញាសា Men’s Sports Physique over 175 cm។
កីឡាករ ឆឹង ណូរ៉ា ធ្លាប់ចូលរួមការប្រកួតកម្រិត អាស៊ីអាគ្នេយ៍ ទទួលបានមេដាយប្រាក់ចំនួន២ដង និងការប្រកួតកម្រិតអាស៊ី ទទួលបានមេដាយមាស ១គ្រឿង។ ដោយឡែកសម្រាប់កីឡាករ ស្រ៊ិន រាជ្យ កន្លងទៅក៏ធ្លាប់ចូលរួម ប្រកួតកម្រិតអន្តរជាតិនោះ កីឡាករស្រស់សង្ហាររូបនេះក្រៅពីធ្លាប់ទទួលបានចំណាត់លេខ៤ ថ្នាក់ជាតិ ក៏ធ្លាប់ទទួលបានមេដាយ សំរឹទ្ធ ក្នុងការប្រកួតជើងឯកកីឡាកាយវប្បកម្រិតពិភពលោក កន្លងមកដែរ។

រំលឹកថា ក្រុមគ្រូបង្វឹក អាជ្ញាកណ្តាលកម្រិតអន្តរជាតិ ២រូប និងកីឡាកររបស់កម្ពុជាចំនួន ៥ រូបបានទៅចូលរួម ព្រឹត្តិការណ៍កីឡាកាយវប្បកម្ម អាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ ២០២៤ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
កីឡាករទាំង ៥ រូប ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹងប្រកួតតាមវិញ្ញាសាដូចខាងក្រោម៖
- កីឡាករ ស្រ៊ិន រាជ្យ ប្រកួតលើវិញ្ញាសា Men’s sports physique over 175cm
- កីឡាករ ឆឹង ណូរ៉ា ប្រកួតលើវិញ្ញាសា Men’s athlete physique up to 167 cm +4kg និង Fitness Physique
- កីឡាករ ឆេង ច័ន្ទកក្កដា ប្រកួតលើវិញ្ញាសា Men’s athlete physique up to 167cm +4kg
- កីឡាករ ជីម ចន្ថា ប្រកួតលើវិញ្ញាសា Men’s athlete Physique up to 175cm +6kg
- កីឡាករ ខាន់ ឆៃយ៉ា ប្រកួតលើវិញ្ញាសា Men’s sport physique up to 170cm – 2kg
ព្រឹត្តិការណ៍កីឡាកាយវប្បកម្ម អាស៊ីអាគ្នេយ៍លើកទី ១៨ ឆ្នាំ២០២៤ “18th South East Asian Bodybuilding and Physique Sports Championship 2024” ប្រមូលផ្តុំ ដោយអត្តពលិកមកពី១១ ប្រទេស រួមមានកម្ពុជា ថៃ វៀតណាម សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន ម៉ាឡាស៊ី ឥណ្ឌូនេស៊ី ទីមរ ប្រុយណេ និងម្ចាស់ផ្ទះ ប្រទេសឡាវ។ ការប្រកួតនឹងប្រព្រឹត្តិទៅ កាលពីថ្ងៃទី ១៦ ខែឧសភា ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤៕


