បាត់ដំបង÷ មេឃកំពុងធ្លាក់ភ្លៀងខ្លាំងកសិករម្នាក់បានចេញពីផ្ទះដើរមើលដំណាំ ក៏ត្រូវរន្ទះបាញ់ត្រូវបណ្តាលឲ្យស្លាប់ក្នុងស្រុកសំពៅលូន។

ប្រភពកសិករនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ករណីរន្ទះបាញ់ស្លាប់មនុស្សនេះបានកើតឡើងអំឡុងវេលាម៉ោងជិត ២:០០នាទីរសៀលថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ នៅត្រង់ចំណុចភូមិថ្លុកសង្កែ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនរងគ្រោះស្លាប់ឈ្មោះវ៉ែន ភារ៉ា ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិ ឃុំគ្រោះថ្នាក់ខាងលើ។ នៅមុនពេលកើតហេតុ ខណះមេឃកំពុងធ្លាក់ភ្លៀងជោកជាំ បុរសជនរងគ្រោះបានដើរទៅក្រោយផ្ទះដើម្បីពិនិត្យមើលដំណាំក្នុងចម្ការ ចៃដន្យក៏ត្រូវរន្ទះបាញ់ បាញ់ស្រោចលើបណ្តាលស្លាប់ភ្លាមៗតែម្តង។

ក្រោយការពិនិត្យពិច័យល្អិតល្អន់សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទៅអោយសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ដំបងក្រញូង

Share.