ក្លិបបាល់ទាត់វិសាខា បាន​ប្រកាស​ចែក​ផ្លូវ​ជា​មួយកីឡាករ ៣រូប និងគ្រូបង្វឹក​កាយ​សម្បទា ១រូប​ក្រោយ​បញ្ចប់​ពានរង្វាន់ Cambodian Premier Leaguer 2023/24។ កីឡាករទាំង៣រូប និងគ្រូ ១រូប​ក្នុង​នោះ​​រួម​មាន៖

កីឡាករ Youssef Ezzejjari

នៅ​ថ្ងៃទី២១ ខែឧសភានេះ ក្លិប​បាល់ទាត់​វិសាខា បាន​ប្រកាស​ចែល​ផ្លូវ​ជា​មួយ​កីឡាករ​ទី៣ និង​ជាស​មាជិក​ទី៤ គឺ Youssef Ezzejjari ក្រោយ​ចូល​រួម​ជា​មួយ​ក្លិប​បាន​មួយរដូវ​កាល។ ក្នុង​ការប្រកួត​ពានរង្វាន់លីគកំពូលកម្ពុជា ខ្សែប្រយុទ្ធសញ្ជាតិ​អេ​ស្ប៉ាញរូប​នេះ បាន​បង្ហាញ​ខ្លួន​អោយ​វិសាខា នៅ​លើកទីលានបាន ១១លើក ​ចំនួន ៥៣៣នាទី និងស៊ុតបញ្ចូលទីបាន ១០គ្រាប់។

វិសាខា បាន​ប្រកាសចុះកិច្ចសន្យាជាមួយកីឡាករ Youssef Ezzejjari Lhasnaoui សញ្ជាតិ​អេ​ស្ប៉ាញ កាល​ពី​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ក្រប​ខណ្ឌ​ពានរង្វាន់ Cambodian Premier Leaguer 2023/24។

កីឡាករ Jonata De Oliverira Bastos

ក្លិបបាល់ទាត់វិសាខា បានប្រកាសចែកផ្លូវជាមួយកីឡាករសញ្ជាតិប្រេស៊ីល Jonata De Oliverira Bastos កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ក្រោយរូបគេបានចូលរួមជាមួយក្លិបបាន១រដូវកាល។

កីឡាករ Jonata De Oliverira Bastos បានបង្ហាញខ្លួនសរុបឱ្យក្រុមវិសាខា ក្នុងការប្រកួតពានរង្វាន់ Cambodian Premier League, និងពានរង្វាន់ Cambodian Super Cup សរុបចំនួន២៩ប្រកួត ស្នើ​នឹង ២,០៧៦នាទី រកគ្រាប់បាល់បាន១០គ្រាប់ ព្រមទាំងបានបញ្ចូនបាល់ឱ្យមិត្តរួមក្រុម សម្រេច​ទីបានចំនួន២លើកថែមទៀតផង។

អ្នកចាំទី វីរៈ ដារ៉ា

ក្លិប​បាល់ទាត់​វិសាខា​បាន​ប្រកាស​លា​គ្នា​ជា​មួយ ​អ្នក​ចាំទី​​ឆ្នើម​ វីរៈ ដារ៉ា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ​កន្លង​ទៅ​នេះ​ បន្ទាប់​ពី​​បាន​ចូល​រួម​ជា​មួយ​ក្លិប​នេះ​កាល​ពី​ឆ្នាំ​២០២២ ប៉ុន្តែ​នៅ​រដូវ​កាល​២០២៣-២៤ ត្រូវ​បាន​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ខ្ចី​ជើង។

ក្នុង​ការ​ចូល​រួម​ជា​មួយ​ព្រះខ័នរាជស្វាយរៀង វីរៈ ដារ៉ា បាន​បង្ហាញ​ខ្លួន​បាន​ចំនួន ២៥ប្រកួតពេញ ដែល​មាន​ចំនួន​សរុប ២២៥០នាទី ពិន័យកាតលឿង១ ឈ្នះ MVP បាន ១លើក និងរក្សា Clean Sheets បាន​ចំនួន ៩លើក។

ក្រៅពីកីឡាករ ៣រូប​ខាង​លើក ក្លិប​បាល់ទាត់​វិសាខា ក៏​បាន​ប្រកាសចែល​ផ្លូវ​ជា​មួយ​លោក Sarunas Biciusas គ្រូ​បង្វឹក​កាយ​សម្បទា កាល​ពី​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោយ​រួមចំណែកដឹកនាំ និងចូលរួមជាមួយគ្រួសារបាល់ទាត់ វិសាខា រយៈពេល ១រដូវកាលកន្លងមក៕

Share.