ភ្នំពេញ ៖ រថយន្តToyota RAIZE មួយគ្រឿងបើកបរដោយបុរសម្នាក់បោះពួយលឿន រេចង្កូតឡើងចិញ្ចើមផ្លូវទៅបុកបង្គោលភ្លើង ប៉ុស្តិ៍យាមមុខស្ថានទូត បណ្តាលឱ្យរងខូចខាតដំណំ កាលពីវេលាម៉ោង ៤និង២០នាទីទៀបភ្លឺថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកToyota Raize ពណ៌ទឹកប្រាក់ បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយមនុស្សប្រុសស្រី២នាក់ទៀត តាមបណ្តាលផ្លូវព្រះនរោត្តម ពីត្បូងទៅជើង បោះពួយល្បឿនលឿន លុះដល់ចំណុចកើតហេតុ រេចង្កូតទៅឆ្វេងជ្រុលឡើងចិញ្ចើមផ្លូវ បុកបង្គោលភ្លើង ហើយបន្តទៅបុកប៉ុស្តិ៍យាម នៅមុខស្ថានទូត ប៉ើងគ្របមកលើរថយន្ត រងខូចខាត ។

ក្រោយកើតហេតុអ្នកបើកបរនិងអ្នករួមដំណើរ ប្រញាប់ប្រញាល់ដោះយកស្លាកលេខរថយន្តចេញ រួចឡើងជិះម៉ូតូកង់បីគេចខ្លួនទៅបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.