ក្លិបបាល់ទះវិសាខា នឹងប្រកួមិត្តភាពអន្តរជាតិ ជាមួយក្លិបបាល់ទះ Lavie Long An របស់វៀតណាម មុនចេញទៅតៃវ៉ាន់ ដើម្បីចូលរួមការប្រកួតពានរង្វាន់ Win+ Steak Volleyball Invitational។ នេះបើយោងតាមសហព័ន្ធកីឡាបាល់តះកម្ពុជា បានប្រកាសនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ។

ក្នុងនោះដែរ ក្រុមជម្រើសជាតិកីឡាបាល់ទះកម្ពុជាអាយុក្រោម ២០ឆ្នាំ ក៏នឹងត្រូវប្រកួតជាមួយ ក្លឹបកីឡាបាល់ទះស្នងការ ន.ប រាជធានីភ្នំពេញ ចូលរមប្រកួតជម្រុះ ក្នុងពានរង្វាន់ 2024 Asian Men’s U20 Volleyball Championship នៅក្នុងខែឧសភានេះ នៅប្រទេសថៃ ដែលជាទឹកដីកណ្ដាល ដោយត្រូវប្រកួតជាមួយវៀតណាម ដើម្បីដណ្ដើមកៅអីទៅលេងវគ្គផ្ដាច់ព្រ័ត្រនៅប្រទេសឥណ្ឌូណេស៊ី។
សម្រាប់ជំនួបប្រកួតមិត្តភាពនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ចាប់ពីម៉ោង ០៣:០០នាទីល្ងាចតទៅ។ ការប្រកួត នឹងបើកអោយអ្នកគាំទ្រចូលរួមទស្សនាដោយសេរី។
កម្មវីធីប្រកួតមានដូចខាងក្រោម៖
- ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជា អាយុក្រោម ២០ឆ្នាំ ប៉ះ ក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ វេលាម៉ោង ៣:០០នាទីរសៀល
- ក្លិបកីឡាបាល់ទះវិសាខា ប៉ះ ក្លិបកីឡាបាល់ទះ Lavie Long An វេលាម៉ោង ៥:០០នាទីរសៀល
បន្ទាប់ពីបញ្ចប់ការប្រកួតមិត្តភាពនេះ ក្រុមបាល់ទះវិសាខា របស់កម្ពុជា នឹងត្រូវចេញទៅតៃវ៉ាន់ ដើម្បីចូលរួមការប្រកួតពានរង្វាន់ Win+ Steak Volleyball Invitational ដែលមានក្លិបបាល់ទះ Win Streak កីឡាករកម្ពុជា វឿន វាសនា កំពុងប្រកបអាជីព ធ្វើជាម្ចាស់ផ្ទះ។
ខណ:ពាននេះមានបេក្ខភាព ៨ក្រុមចូលរួម ដូចជាក្រុមវិសាខា (កម្ពុជា), Flying Falcon (ម៉ាឡេស៊ី), Nature Med Club (ម៉ុងហ្គោលី), Saitama Azalea (ជប៉ុន), Australian Volleyball Academy (អូស្រ្តាលី), Thành Phố Hồ Chí Minh (វៀតណាម) និងក្រុមម្ចាស់ផ្ទះតៃវ៉ាន់ ២ក្រុម គឺក្រុម Win Streak និងក្រុម Long my Construction។ ការប្រកួត នឹងត្រូវចាប់ផ្ដើមចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤៕


