ក្រុងញូវដែលី៖ អាជ្ញាធរ​ឥណ្ឌា​ក្នុង​រដ្ឋធានី​បាន​បញ្ជា​ឱ្យ​បិទ​សាលារៀន​នៅ​ដើម​រដូវ​វិស្សមកាល​រដូវក្ដៅ បន្ទាប់​ពី​សីតុណ្ហភាព​ឡើង​ដល់ ៤៧,៤ អង្សា​សេ នៅក្រុង​ញូវដេលី​ដែល​រង​ឥទ្ធិពល​ដោយ «រលក​កម្ដៅ​ខ្លាំង»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤។​

បើតាមបញ្ជារបស់រដ្ឋាភិបាលដែលដកស្រង់ដោយកាសែត Hindustan Times នាថ្ងៃអង្គារ បានរាយការណ៍ថា មន្ត្រីក្រុងញូវដេលីបានស្នើឱ្យបិទសាលារៀន ដោយ «ជាបន្ទាន់» ដោយសារតែរលកកំដៅឡើងខ្លាំង ដោយកាត់បន្ថយរយៈពេលខ្លី ពីរទៅបីថ្ងៃ។

នាយកដ្ឋានអាកាសធាតុរបស់ប្រទេសឥណ្ឌា បានព្រមានអំពី «លក្ខខណ្ឌរលកកំដៅធ្ងន់ធ្ងរ» នៅសប្តាហ៍នេះ ដោយបារតកំដៅបានឡើងដល់កំពូល គឺ ៤៧.៧ អង្សាសេ នៅតំបន់ជាយក្រុង Najafgarh នៃរដ្ឋធានីដេលី កាលពីថ្ងៃចន្ទ ដែលជាសីតុណ្ហភាពក្តៅបំផុតទូទាំងប្រទេស។

ទន្ទឹមនោះ អាជ្ញាធរនៅក្នុងរដ្ឋផ្សេងទៀត រួមទាំងរដ្ឋ Haryana, Madhya Pradesh, Punjab និង Rajasthan ក៏បានបញ្ជាឱ្យបិទសាលារៀនផងដែរ។

ការឡើងកំដៅសីតុណ្ហភាពនៅប្រទេសឥណ្ឌា មិនមែនជារឿងចម្លែកក្នុងរដូវក្ដៅនោះទេ ហើយទំនងជានឹងបន្ដនៅសប្ដាហ៍នេះ។ ការហក់ឡើងខ្ពស់កំដៅ នៅក្នុងប្រទេសនេះ កើតឡើងស្របពេលដែលប្រទេសឥណ្ឌា កំពុងរៀបចំការបោះឆ្នោតសកលរបស់ខ្លួន ដែលលទ្ធផលនឹងត្រូវបានប្រកាសនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា រដូវក្ដៅរបស់ប្រទេសឥណ្ឌា បានចាប់ផ្ដើមពីខែមីនា ដល់ខែកញ្ញា តាមធម្មតាមានអាកាសធាតុក្ដៅហើយសើម ប៉ុន្តែការស្រាវជ្រាវវិទ្យាសាស្ត្រ ជាច្រើនឆ្នាំ បានរកឃើញថា ការប្រែប្រួលអាកាសធាតុកំពុងបណ្តាលឱ្យរលកកំដៅកាន់តែអូសបន្លាយពេលយូរ ញឹកញាប់ និងកាន់តែខ្លាំង។

ជាមួយគ្នា នាយកដ្ឋានឧតុនិយមឥណ្ឌា បានព្រមានពីផលប៉ះពាល់នៃរលកកំដៅលើសុខភាពមនុស្ស និងសត្វ ជាពិសេសចំពោះទារក ចាស់ជរា និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ។

សូមជម្រាបថា កាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅ ផ្នែកខ្លះនៃរដ្ឋធានីដេលី បានឡើងដល់ ៤៩.២អង្សាសេ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍នៅពេលនោះ៕

ប្រភព៖ CNA

Share.