មហាសន្និបាតអង្គការសហប្រជាជាតិ ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ១៩៩៩ បានសម្រេចទទួលស្គាល់ជាសកលនូវ ថ្ងៃវិសាខបូជា ហើយបានប្រារព្ធកម្មវិធីនេះជារៀងរាល់ឆ្នាំនៅស្នាក់កណ្ដាលនៃអង្គការសហប្រជាជាតិ ព្រមទាំងនៅតាមការិយាល័យប្រចាំប្រទេសនានាលើពិភពលោក។ ការទទួលស្គាល់នេះ ដើម្បីរំឭកដល់គុណសម្បត្តិព្រះពុទ្ធសាសនា ជាសាសនាមនុស្សនិយមមានវ័យចំណាស់មួយនៃមនុស្សលោក ដែលបានរួមចំណែករក្សាសន្តិភាព និងបង្រៀនមនុស្សឲ្យមានចិត្តមេត្តា ករុណាចំពោះគ្នាទៅវិញទៅមក ចេះរក្សាសីល មានសមាធិ និងស្វះស្វែងរែងរកចំណេះវិជ្ជា បង្កើនប្រាជ្ញា។
ថ្ងៃ១៥កើត ខែពិសាខ ជាថ្ងៃ ដែលពុទ្ធសាសនិកទូទាំងសកលលោកតែងប្រារព្ធ ពិធីបុណ្យវិសាខបូជា ដែលជាមហាកុសលដ៏ប្រសើរ។ ពិធីបុណ្យវិសាខបូជា ប្រារព្ធឡើងដើម្បីរំឭកដល់ព្រឹត្តិការណ៍សំខាន់បីដែលបានកើតឡើងនៅក្នុងពុទ្ធប្រវត្តិ គឺ ថ្ងៃព្រះពុទ្ធសមណគោតមប្រសូត, ថ្ងៃទ្រង់ត្រាស់ដឹងសព្វញ្ញុតញ្ញាណ, និងថ្ងៃព្រះអង្គយាងចូលបរិនិព្វាន។



ប្រសូត៖
ព្រះពុទ្ធសមណគោតម ប្រសូត នាឧទ្យាន លុម្ពិនីវន្ត ព្រំដែននៃនគរកបិលវត្ថុ និងទេវទហៈ ក្រោមដើមសាលព្រឹក្ស នៅថ្ងៃ ១៥កើត ខែពិសាខ ឆ្នាំច វេលាព្រឹក។ ព្រះរាជឱរសប្រសូតបាន ៥ ថ្ងៃ ព្រះបិតា និងព្រះមាតា ដោយមានពួកព្រាហ្មណ៍ផង បានថ្វាយព្រះនាមថា សិទ្ធត្ថៈ ប្រែថា អ្នកសម្រេចប្រយោជន៍ដល់សត្វលោកទាំងពួង។
ត្រាស់ដឹង៖
ក្រោយពីព្រះអង្គចេញសាងព្រះផ្នួសបាន ៦ ព្រះវស្សា ស្ថិតក្នុង ព្រះជន្ម ៣៥ ព្រះវស្សា ព្រះសមណសិទ្ធត្ថអង្គនោះ បានប្រព្រឹត្តនូវតបធម៌ ធ្វើនូវទុក្ករកិរិយា និងឆ្លងកាត់ពិសោធន៍ជាច្រើនអនេក នៅទីបំផុត ព្រះអង្គបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ នៅក្នុងថ្ងៃពុធ ១៥កើត (ពេញបូណ៌មី) ខែពិសាខ ឆ្នាំរកា នៅក្នុងស្រុកឧរុវេលា ប្រទេសសេនានិគម ក្បែរស្ទឹងនេរញ្ជរា វេលាទៀបភ្លឺ ក្នុងព្រះជន្ម ៣៥ ព្រះវស្សា។ សព្វថ្ងៃគេហៅទីនោះថា គយា, ស្ទឹងនោះហៅថា ហ្វាល់គុ ឬផាល់គូ (Gaya, Falgu River) ស្ថិតក្នុងរដ្ឋពិហារ ប្រទេសឥណ្ឌា (Bihar, India) ។
បរិនិព្វាន៖
ក្រោយអំពីព្រះអង្គត្រាស់ដឹង និងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល ៤៥ ព្រះវស្សា រហូតដល់ព្រះជន្មបាន ៨០ ព្រះវស្សា ព្រះអង្គក៏រំលត់ព្រះខន្ធចូលកាន់ព្រះបរមនិព្វាន (អនុបាទិសេសនិព្វាន) ក្នុងថ្ងៃអង្គារ ១៥កើត (ពេញបូណ៌មី) ខែវិសាខ ឆ្នាំម្សាញ់ វេលាជិតភ្លឺ ក្នុងព្រះជន្មគម្រប់ ៨០ ព្រះវស្សា នាសាលវ័នឧទ្យាន ចន្លោះដើមរាំងមួយគូ ក្បែរនគរកុសិនារា (Kushinagar, Kushinagara)។ សព្វថ្ងៃ កុសិនារា ឬកុសិនាការ ជាស្រុកមួយក្នុងរដ្ឋឧត្តរប្រទេស (Uttar Pradesh) របស់ឥណ្ឌា។
ព្រះរាជាណាចក្រកម្ពុជាយើង ក៏ជាប្រទេសកាន់ព្រះពុទ្ធសាសនា (និកាយថេរវាទ) យ៉ាងខ្ជាប់ខ្ជួន ទាំងក្សត្រ នាម៉ឺនមន្ត្រី និងប្រជារាស្ត្រ។ ឲ្យតែដល់ថ្ងៃ៥១កើត ខែពិសាខ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ គ្រប់មជ្ឈដ្ឋាន តែងរៀបចំកម្មវិធីនៅតាមវត្តអារាម និងទីសក្ការបូជាបែបព្រះពុទ្ធសាសនានានា ទៅតាមប្រពៃណីជាតិរបស់ខ្លួន ដើម្បីបានជាបុណ្យកុសលដ៏បវរប្រសើរ។
ដកស្រង់ចេញពីគេហទំព័រអង្គការសហប្រជាជាតិ (United Nation) និងគេហទំព័រ ៥០០០ ឆ្នាំ

