ស្វាយរៀង ៖ បុរសជនជាតិចិនម្នាក់ បើកម៉ូតូសណ្តោងរុឺម៉ក ស្រាប់តែជាប់ហ្គាបោលជ្រុលបុកផ្ទប់ពីក្រោយរថយន្តកូរ៉េ ដឹកឥដ្ឋការ៉ូកំពុងឈប់ចតចិញ្ចើមផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ ភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។



តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជាជនជាតិចិន បើកម៉ូតូសណ្តោងរុឺម៉ក ពីកើតទៅលិច ដល់ចំណុចកើតហេតុស្រាប់តែម៉ូតូជាប់ហ្គា ធ្វើឱ្យស្ទុះបោលបុកពីក្រោយ រថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3B-0755 ដឹកឥដ្ឋការ៉ូ កំពុងឈប់ចតចិញ្ចើមផ្លូវ បណ្តាលឱ្យបុរសជនជាតិចិន រងរបួសធ្ងន់ ។


ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់ស្រុកស្វាយទាប ដឹកយកទៅ បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែករថយន្តនិងម៉ូតូរុឺម៉ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន រងចាំដោះស្រាយគ្នាពេលក្រោយ ៕
អត្ថបទ៖ តាតុងសែនជ័យ

