ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបើកការស្រាវជ្រាវចុះឡោមព័ទ្ធផ្ទះសំណាក់យីហោ សួរស្តី ឃាត់ខ្លួនជនសង្ស័យស្រីប្រុសប្រើប្រាស់គ្រឿងញៀនចំនួនជិត២០នាក់រួមវត្ថុតាងមួយចំនួននាំខ្លួនយកទៅសាកសួរ។

ហេតុការណ៍ចុះបង្រ្កាបកាលវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២១ខែឧសភាឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះសំណាក់ សួរស្ដី ផ្ទះលេខ៣៨Aផ្លូវបេតុងលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមជួនណារិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការខណ្ឌដូនពេញបានបើកការស្រាវជ្រាវចុះឡោមព័តផ្ទះសំណាក់ សួរស្ដី បង្ក្រាបក្រុមជនសង្ស័យដែលសង្ងំលាក់ខ្លួនប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួនប្រុសជិត២០នាក់រួមវត្ថុតាងមួយចំនួននាំខ្លួនយកទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ទៅតាមនីតិវិធី។ចំណែកបន្ទប់ស្នាក់នៅជនសង្ស័យត្រូវបានបិតជាបណ្ដោះអាសន្ន។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីខាងលើរួមនឹងវត្ថុតាងកំពុងឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីសាកសួរយកចម្លើយកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សេង សាវី

