ក្រុមកីឡាបាល់ទះជម្រើសជាតិអាយុក្រោម ២០ឆ្នាំ (U-20) កម្ពុជា នឹងធ្វើការប្រកួតមិត្តភាពជាមួយក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលជាការបង្ហាញខ្លួនជាផ្លូវការលើកដំបូង ក្រោយធ្វើការប្រមូលផ្ដុំបានជាងមួយខែរួចមក មុនចេញទៅប្រកួតនៅថៃ។

ក្រោមការដឹងនាំត្រួតពិន្យរបស់លោក Li Jun គ្រូបង្វឹកក្រុមជម្រើសជាតិបាល់ទះកម្ពុជា ក្រុមកីឡាករបាល់ទះជម្រើសជាតិអាយុក្រោម ២០ឆ្នាំ ត្រូវបានធ្វើ តេស្ត ជ្រើសរើស ពីតាមបណ្ដាលក្លិបធំៗចំនួន ដូចជា ក្រុមយុវជនក្លិបបាល់ទះវិសាខា ក្រុមយុវជនសមាគមបាល់ទះក្រសួងមហាផ្ទៃ និងក្រុមយុវជន របស់ក្រុមបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ងាកមកការប្រកួតមិត្តភាពនាពេលខាងមុខនេះដែល ក្រុមកីឡាករបាល់ទះជម្រើសជាតិអាយុក្រោម ២០ឆ្នាំ (U-20) របស់កម្ពុជា នឹងត្រៀមបញ្ចេញស្មាដៃនៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ ដោយត្រូវប៉ះក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងជំនួបមិត្តភាព។

នៅថ្ងៃជាមួយគ្នានេះដែរ ក្លិបកីឡាបាល់ទះវិសាខា នឹងត្រូវទទួលក្លិបកីឡាបាល់ទះ Lavie Long An ក្នុងជំនួនមិត្តភាពដូចគ្នា ការប្រកួតនិងចាប់ផ្ដើមពីម៉ោង ៣:០០នាទីរសៀមតទៅ នៅពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក) ។ ការប្រកួត នឹងបើកអោយអ្នកគាំទ្រចូលរួមទស្សនាដោយសេរី។
ការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុម U-20 កម្ពុជា រួមជាមួយការប្រកួតមិត្តភាពនាពេលខាងមុខ នេះដែរ គឺដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងវគ្គជម្រុះ ក្នុងព្រឹត្តិការណ៍ Asian Men’s U20 Championship លើកទី 22 ជាមួយវៀតណាម នៅទឹកដីថៃ។ ដែលគ្រោង នឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ក្រុមបាល់ទះជម្រើសជាតិអាយុក្រោម ២០ឆ្នាំ (U-20) កម្ពុជា ប្រកួតជាមួយវៀតណាមនេះ ក្រុមដែលឈ្នះ នឹងទទួលបានកៅអីទៅចូលរួមប្រកួត វគ្គផ្ដាច់ព្រ័ត្រ នៅក្នុងព្រឹត្តិការណ៍ Asian Men’s U20 Championship លើកទី 22 និងធ្វើឡើងនៅទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី៕



