សៀមរាប ៖ គ្រោះថ្នាក់ចរាចរណ៍ ចំនួន២ករណីផ្សេងគ្នានៅក្រុងសៀមរាប ដោយសារកក្កតាធ្វេសប្រហែស មិនប្រុងប្រយ័ត្ន មួយករណីកើតឡើងរវាងរថយន្តLexus RX300 បើកលឿនជ្រុលបុករថយន្តកាមរីហាយប្រីត កំពុងឈប់ចតស្ងៀម បណ្តាលឱ្យរងខូចខាតទាំង២គ្រឿង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវអាចារ្យហែមចៀវ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។ ចំណែកករណីទី២ មានជនបរទេសម្នាក់ ជិះម៉ូតូហុងដាឌ្រីម បើកលឿនជ្រុលបុកខឿនចិញ្ចើមផ្លូវ ដួលរងរបួសធ្ងន់ខ្លួនឯង កាលពីវេលាម៉ោង១និង១៥នាទី រំលងអធ្រាត្រចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅតាមផ្លូវពោធិ៍កំបោរ ស្ថិតនៅក្នុង ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។

តាមនគរបាលបានឱ្យដឹងថា ករណីទី១ មានរថយន្តមួយគ្រឿងម៉ាកLexus ពណ៌ស្ករ ពាក់ស្លាកលេខ សៀមរាប 2A- 6340 បេីកបរដោយ ឈ្មោះ អុិន សុខវីរ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប បានបើកពីត្បូងទៅជើង លឿនលឿន ដល់ចំណុចកើតហេតុ ជ្រុលបុករថយន្តកំពុងឈប់ចតស្ងៀម ម៉ាក កាមរីហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-3671 ម្ចាស់អ្នកបើកបរ ឈ្មោះ ឈុន សុចិត្រា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិវាល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ បណ្តាលឱ្យរថយន្តទាំង២គ្រឿងទទួលរងខូចខាតដំណំ ។ ចំណែកករណីទី២ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍លើកទី១ នគរបាលមិនទាន់ទាំងយកចេញផង នៅវេលាម៉ោង១និង១៥នាទីរំលងធ្រាត្រ ថ្ងៃដដែល ស្រាប់តែ មានម៉ូតូហុងដាឌ្រីមមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1N-0612 ជិះដោយជនបរទេស ឈ្មោះ Gregory ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិអាមេរិកកាំង ស្នាក់នៅភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ជិះពីត្បូងទៅជើង តែលើផ្លូវបញ្ច្រាស ជ្រុលបុកខឿនចិញ្ចើមផ្លូវ ដួលរងរបួសខ្លួនឯង ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុ គ្រោះថ្នាក់ចរាចរណ៍ទាំង២ករណីខាងលើ មធ្យោបាយមានរថយន្តចំនួន២គ្រឿង និងម៉ូតូមួយគ្រឿង ត្រូវបាននគរបាលយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការខេត្ត រង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

https://troryorng.com/
Share.