ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូហុងដាឌ្រីម លឿនមិនបានចាប់អារម្មណ៍ ជ្រុលទៅបុកពីក្រោយរថយន្តសណ្តោងទ្រុងបែន កំពុងឈប់ចតតាមផ្លូវ កាលពីវេលាម៉ិង២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។


ជនរងគ្រោះមានឈ្មោះ រដ្ឋ អ៉ីលីវ៉ែន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ៥ ភូមិ ក្រាំងវែង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខ រដ្ឋ14 1-0734 ធ្វើដំណើរពីកើតទៅលិច មិនបានចាប់អារម្មណ៍ ជ្រុលទៅបុកពីក្រោយរថយន្ត ម៉ាកFUSO ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 3A-0418 សណ្តោងទ្រុងបែន ពាក់ស្លាកលេខ ស្វាយរៀង 4A-0608 កំពុងឈប់ចតតាមផ្លូវ ពីកើតទៅលិច បណ្តាលឱ្យបោកក្បាល រងរបួសបែកមុខធ្ងន់ ម៉ូតូខ្ទេចមួយកំណាត់មុខ កៀបជាប់ពីក្រោយរថយន្ត ។


ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ ៕


អត្ថបទ៖តាតុងសែនជ័យ

