កណ្តាល ៖ មនុស្សប្រុសស្រី៣នាក់ រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូស្កុបពីជិះលឿនហ្វ្រាំងមិនទាន់ជ្រុលបុកជាមួយម៉ូតូហុងដាឌ្រីមបត់ឆ្លងផ្លូវ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ស្ថិតនៅក្នុងភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។


តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីម៉ូតូហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1AB-6742 បើកដោយឈ្មោះ ហ៊ុន រិទ្ធីពល ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រងរបួសធ្ងន់ បាក់ជើងស្តាំ បែកក្បាល រួមដំណើរជាមួយឈ្មោះ វណ្ណ វណ្ណៈ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិសំរោងជ្រៃ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ របួសស្រាល ។ ចំណែកភាគីខាងម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HP-6018 បើកដោយឈ្មោះ ផុន ស្រីនាថ ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិទួលសុទិន ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ ។
តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីខាងម៉ូតូស្កុបពី ជិះពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែភាគូម៉ូតូហុងដាឌ្រីម ពីពីត្បូងទៅជើង បត់ឆ្លងផ្លូវវឹងពីកើតទៅលិច កាត់ពីមុខ ធ្វើឱ្យស្ត្រីរងគ្រោះហ្វ្រាំងមុនទាន់ ជ្រុលបុកបណ្តាលឱ្យរងរបួសធ្ងន់២នាក់ ស្រាល១នាក់ ។


ក្រោយកើតហេតុជនរងគ្រោះទាំង៣នាក់ត្រូវបានរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពវាលអង្គពពេល ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ តាមការស្នើសុំពីភាគីរងគ្រោះ ចំណែកម៉ូតួទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕
អត្ថបទ៖តាតុងសែនជ័យ

