ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិអន្លង់អកលិច ភូមិអន្លង់កើត ភូមិព្រែកគ្រួស ភូមិកោះតាង៉ោងទី១ ភូមិកោះតាង៉ោទី២ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម បាន​ស្នើឲ្យថ្នាក់​ដឹកនាំខេត្ត ក្រសួង និងស្ថាប័នពាក់ព័ន្ធ ជួយអន្ដរាគមន៍ចុះពិនិត្យ និងដោះស្រាយ ដើម្បី​ធ្វើការ​ចុះ​បញ្ជីដីធ្លី និងចេញប័ណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់អចលនវត្ថុស្របច្បាស់ឲ្យបានត្រឹមត្រូវ លើដី​របប​របស់​ខ្លួន ដែលរដ្ឋាភិបាលបានចែកជូន និងប្រើប្រាស់អាស្រ័យផល តាំងពីចន្លោះឆ្នាំ១៩៨៣-៨៤ បន្ទាប់​ពីដីរបបគ្រួសារខ្លះ ត្រូវបានកាត់អស់រលីង និងគ្រួសារខ្លះកាត់ស្ទើរតែអស់។

Screenshot

លោក គី ម៉េងហាន មានវ័យ ៥០ឆ្នាំ តំណាងប្រជាពលរដ្ឋ ២៨គ្រួសារ រស់នៅភូមិសាស្ដ្រឃុំសូរគង បានឲ្យដឹង រយៈពេលប្រមាណ ៤០ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋ រស់នៅពឹងផ្អែកលើរបរកសិកម្ម ពិសេសបានអាស្រ័យផលលើដីរបប ដែលរដ្ឋាភិបាលបានចែកជូន តាមសមាជិកគ្រួសារនីមួយៗ តាំងពីកំឡុងឆ្នាំ១៩៨៣-៨៤ ដោយសុខសាន្ដ ហើយស្ទើរតែគ្មានទំនាស់រឿងដីនោះឡើយ បើទោះ​បីមានការដោះដូរ ឬទិញលក់ក៏ដោយ ហើយក៏មានលិខិតស្នាមទទួលដឹងលឺពីអាជ្ញាធរមូលដ្ឋាន តាម​សម័យ​កាលនីមួយៗផងដែរ។

ថ្មីៗនេះ រាជរដ្ឋាភិបាល បានអនុវត្តនូវយុទ្ធនាការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងចេញ​ប័ណ្ណសម្គាល់​កម្ម​សិទ្ធិ​កាន់កាប់អចលនវត្ថុ ដល់ភូមិសាស្ដ្ររបស់ខ្លួន ដែលធ្វើឲ្យប្រជាពលរដ្ឋទាំងអស់ មាន​ការ​សប្បាយ​ចិត្តជាខ្លាំង ជាមួយកិច្ចសហការកំណត់ព្រំដី ដើម្បីក្លាយជាម្ចាស់កម្មសិទ្ធស្របច្បាប់។ តែ​ទន្ទឹមជាមួយគ្នា មានប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមានដីនៅជាប់មាត់បឹងវាលលេង ស្ថិត​នៅ​តំបន់​កោះតាង៉ោទី២ នៃឃុំសូរគង ដែលខណ្ឌចែកដោយផ្លូវរទេះគោ រវាងដីរបប និងចំណីបឹង មាន​ការ​មិនសប្បាយចិត្ដ ដ្បិតដីរបបដែលខ្លួនកាន់កាប់ជាយូរលង់មកហើយ ត្រូវបានកាត់យ៉ាងច្រើន ជា​មធ្យមបណ្ដោយ ៥០ម៉ែត្រ ធ្វើឲ្យគ្រួសារខ្លះបាត់បង់ដីអស់រលីង។

ពាក់ព័ន្ធនឹងការកាត់ដីរបបប្រជាពលរដ្ឋនេះដែរ មន្ដ្រីសូរិយោដីស្រុកកងមាស និង​ក្រុម​ប្រឹក្សា​ឃុំ​សូរ​គង ដែលមានលោកស្រី គង់ សៀកអេង ជាមេឃុំ តាមរយៈការ​បញ្ជាក់ផ្ទាល់​មាត់​ជាមួយ​ប្រជា​ពលរដ្ឋ បានអះអាងស្រដៀងៗគ្នាថា ការកាត់ដីនេះ គឺដើម្បីទុកជាចំណីបឹង តែគេមិន​បានយក​ទៅណាទេ ដោយប្រជាពលរដ្ឋ អាចបន្ដអាស្រ័យផល តាមក្បាលដីរៀងៗខ្លួនដូចធម្មតា។

យ៉ាងណាមិញ លោក គី ម៉េងហាន ថា ប្រជាពលរដ្ឋទាំងអស់ ដែលរងការកាត់ដីរបប គឺមិនសុខ​ចិត្ត​នោះទេ ពិសេសប្រជាពលរដ្ឋ មានវ័យ ៧០ ទៅ ៨០ឆ្នាំប្លាយ ដែលរំពឹងលើដី​របបសេស​សល់​បន្ដិច​បន្ដួច សម្រាប់ប្រើប្រាស់នូវជីវិតចុងក្រោយ បានស្នើឲ្យឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់​ចាម និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ជួយអន្ដរាគមន៍ និងដោះស្រាយ ដោយ​ចុះពិនិត្យ​ស្រាវ​ជ្រាវ​ជាក់ស្ដែងអំពីស្ថានភាពដីកំពុងមានបញ្ហា ដើម្បីផ្ដល់ភាពត្រឹមត្រូវ និងផ្ដល់​សិទ្ធកាន់​កាប់​ស្រប​ច្បាប់លើដីធ្លី ទៅតាមទំហំដីរបបរបស់ខ្លួន ចៀសវាងនូវទំនាស់ទៅថ្ងៃក្រោយ ស្រប​តាមគោល​នយោបាយ​របស់រាជរដ្ឋាភិបាល ។

ទន្ទឹមជាមួយការស្នើសុំនេះដែរ ប្រជាពលរដ្ឋ បានធ្វើលិខិត ១ច្បាប់ គោរពជូន​ស្នើសុំការ​អន្ដរាគមន៍​ពី​ឯកឧត្តមអភិបាលខេត្តកំពង់ចាម តាមរយៈក្រុមប្រឹក្សាឃុំសូរគង ស្រុកកងមាស កាលពីថ្ងៃទី២២ ខែមេសា តែរយៈពេលជិត ១ខែមកហើយ អ្វីដែលក្រុមប្រឹក្សាឃុំ បានអះអាងប្រាប់ប្រជាពលរដ្ឋថា បាន​ប្រគល់ជូនថ្នាក់ដឹកនាំ និងរង់ចាំថ្នាក់ខេត្តចុះដោះស្រាយជូន ហាក់គ្មានចម្លើយ ឬដំ​ណោះ​ស្រាយ​ឡើយ ដ្បិតព័ត៌មានចុងក្រោយ ត្រូវបានទម្លាយថា ឯកសារស្នើសុំរបស់ប្រជាពលរដ្ឋ ស្ថិត​នៅ​ស្រុកកងមាសនៅឡើយ ។

ដោយហេតុនេះ ក្នុងនាមតំណាងប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនគ្រួសារ លោក គី ម៉េងហាង បាន​ស្នើ​សុំយ៉ាងទទូចទៅកាន់ឯកឧត្តមអភិបាលខេត្ត មេត្ដាពិនិត្យ និងស្រាវជ្រាវករណីនេះ ដើម្បីដោះ​ស្រាយ​ឲ្យ​បានទាន់ពេលវេលា ព្រោះប្រជាពលរដ្ឋ មានក្ដីបារម្ភមានការយឺតយ៉ាវ ខ្លាចក្រុម​ការងារ​ចុះ​បញ្ជីដីធ្លីជាប្រព័ន្ធ ចេញប័ណ្ណសម្គាល់ក្បាលដី ដែលគ្មានការទទួលស្គាល់ពីប្រជាពលរដ្ឋ ព្រោះ​ពួក​គាត់​បានបាត់បង់ដីអយុត្តិធម៌ ឬនាំឲ្យមានការតវ៉ាបង្កជាបញ្ហាអសន្ដិសុខសង្គមនាថ្ងៃក្រោយ ។

គួរដឹងថា បឹងវាលលេង ស្ថិតនៅឃុំសូរគង ស្រុងកកងមាស ខេត្តកំពង់ចាម គឺជាបឹងធម្មតាជាតិ និង​ជាសម្បត្តិរបស់រដ្ឋ សម្រាប់ស្តុកទឹកបម្រើឲ្យរបរកសិកម្មរបស់ប្រជាពលរដ្ឋ ។ ដើមឡើយបឹងនេះ មាន​ជម្រៅជ្រៅសមល្មងស្តុកទឹក សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល ដោយ​មិន​មាន​ផល​ប៉ះ​ពាល់​ដល់​ដីរបបប្រជាពលរដ្ឋនោះទេ តែក្រោយមានជំនន់ទឹកទន្លេ ប្រមាណជាង ១០ឆ្នាំចុងក្រោយ បឹង​នេះ កាន់តែរាក់ទៅៗ ដោយសារមានដីល្បាប់ហូរចូល តែ​ដើម្បី​ស្ដុក​ទឹកបានច្រើន​ធានា​ឲ្យការ​ប្រើ​ប្រាស់​របស់ប្រជាពលរដ្ឋ អាជ្ញាធរ និងស្ថាប័ន-អង្គការដៃគូអភិវឌ្ឍ ក៏បានមូលមតិលើកជាទំនប់ ដែលនាំឲ្យទឹកបឹងបាច់សាច់ទៅលើដីរបបរបស់ប្រជាពលរដ្ឋ។

លោក គី ម៉េងហាន អះអាងថា ទោះយ៉ាងនេះក្ដី ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ព្រោះ​ការ​ស្តុក​ទឹកនេះ មិនបានខឹងសប្បា ឬតវ៉ាអ្វីឡើយ ព្រោះយល់ច្បាស់ពីតម្រូវការរួម ហើយ​បឹង​នឹង​រីងម្ដង​បន្ដិចៗ រហូតរីងផុតដីរបបនៅថ្ងៃណាមួយ បន្ទាប់​មកចាំចាប់ផ្ដើមការដាំដុះដំណាំផ្សេងៗ ។ ប៉ុន្ដែ​អ្វីដែលប្រជាពលរដ្ឋ ខកចិត្ត គឺការកាត់ដីរបប និង​មិនចុះបញ្ជី​ដីធ្លី​គ្រប់ចំនួនតា​មទំហំដី​របប​ដែល​ខ្លួនអាស្រ័យផលជាយូរលង់មកហើយ។ ហេតុនេះ លោកសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ថ្នាក់​ដឹក​នាំខេត្ត និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងមានដំណោះស្រាយ ប្រកបដោយសុភវិនិច្ឆ័យ ដើម្បី​ផ្ដល់​នូវភាពកក់ក្ដៅដល់ប្រជាពលរដ្ឋទាំងអស់គ្នា៕

Share.