ស្វាយរៀង ៖ យុវជនម្នាក់រងរបួសបែកក្បាលធ្ងន់ ចំណែកម្តាយរងរបួសស្រាល បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តសាំយ៉ុងដឹកកម្មកររោងចក្រ បើកលឿនវ៉ាជែងគ្នា ជ្រុលបុកបុកកៀរម៉ូតូហុងដាឌ្រីម២គ្រឿង កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ ក្នុងភូមិព្រៃសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។


តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ២នាក់ម្តាយកូន ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1T-2615 ឌុបគ្នាធ្វើដំណើរពីលិចទៅកើត ដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តសាំយ៉ុង មួយគ្រឿង ពណ៌សំបកឪឡឹក ដឹកកម្មកររោងចក្រ បើកលឿនពីលិចទៅកើត វ៉ាជែងគ្នា ជ្រុលទៅបុករះម៉ូតូជនរងគ្រោះ និងម៉ូតូមួយគ្រឿងផ្សេងទៀត បណ្តាលឱ្យយុវជនម្នាក់ រងរបួសបែកក្បាលធ្ងន់ ម្តាយរងរបួសស្រាល រថយន្តបង្កបន្ថែមល្បឿនបើករត់គេចទៅបាត់ ចំណែកម៉ូតូមួយគ្រឿងទៀត របួសស្រាល ខូចខាតតិចតួច បានលើកជិះបន្តដំណើរទៅបាត់ សល់តែម៉ូតូមួយគ្រឿង និងជនរងគ្រោះ២នាក់ម្តាយកូន។


ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាបដឹកយកទៅ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍៕
អត្ថបទ៖តាតុងសែនជ័យ

