ភ្នំពេញ ៖ កម្មការនីរោងចក្រម្នាក់រងរបួសធ្ងន់បាក់ភ្លៅ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយម៉ូតូសណ្តោងរុឺម៉កដឹកទឹកកកបើកបរលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ ទៅបុកម៉ូតូហុងដាឌ្រីម កាលពីវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខច្រកចូលភូមិព្រៃបឹង ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូវ៉េវសណ្តោងរុឺម៉ក ដឹកទឹកកក បើកបរដោយបុរសម្នាក់ លើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ ពីកើតទៅលិច ដល់ចំណុចកើតហេតុ បុកជាមួយម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1P-2949 ជិះដោយនារីរងគ្រោះ ពីលិចទៅកើត បណ្តាលឱ្យរងរបួសធ្ងន់ បាក់ភ្លៅ ម៉ូតូបាក់កង់មុខ អ្នកបើករុឺម៉ក គេចខ្លួនបាត់ ។

តាមសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះគាត់ធ្វើការវេនយប់ លុះចេញពីរោងចក្រ ជិះម៉ូតូវិលទៅផ្ទះជួល នៅជាប់វត្តកំបូល ស្រាប់តែម៉ូតូសណ្តោងរុឺម៉កដឹកទឹកកក ជិះបញ្ច្រាសផ្លូវមកបុក បណ្តាលឱ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ បងប្អូន ហៅរថយន្តសង្គ្រោះដែរ តែទៅមិនទាន់ ក៏សម្រេចលើកដាក់ម៉ូតូកង់បីយកទៅពេទ្យដោយខ្លួនឯង ។ ចំណែកម៉ូតូរុឺម៉ក និងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំភាគីខាងរុឺម៉កចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.