ភ្នំពេញ៖ រថយន្ដធុនធំសណ្តោងរុឺម៉កដឹកទំនិញមួយគ្រឿង ដឹកធ្ងន់ពេកហ្វ្រាំងមិនជាប់ ជ្រុលបុកពីក្រោយរថយន្តLAND CRUISER បណ្តាលឱ្យរងខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៧និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវកប់ស្រូវ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តធុនធំ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1755 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ កំពង់ចាម 4A-0530 ដឹកទំនិញ បើកតាមបណ្តោយផ្លូវកប់ស្រូវ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនជាប់ ក៏ជ្រុលបុកពីក្រោយ រថយន្តLAND CRUISER ពណ៌ស ពាក់ស្លាកលេខ កម្ពុជា RSK.7117 កំពុងបើកស្របទិសគ្នា បណ្តាលឱ្យរងខូចខាតដំណំ ។


ក្រោយកើតហេតុ ជៀសវាងកកស្ទះចរាចរណ៍ ភាគីសងខាង នាំគ្នាបើករថយន្តទៅឈប់ចតកៀនខាង ហើយធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តធុនធំ ចេញសងថ្លៃខូចខាតចំនួន៥០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
អត្ថបទ៖ តាតុងសែនជ័យ

