ព្រះសីហនុ៖ យោងតាមប្រភពចុងក្រោយពីស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានធ្វើការជូនដំណឹងថា ជនជាតិឥណ្ឌាចំនួន៦០នាក់ ដែលត្រូវបានគេបោកបញ្ឆោតឱ្យចូលរួមក្នុងសកម្មភាពក្លែងបន្លំនៅខេត្តព្រះសីហនុ ត្រូវបានបញ្ជូនមករាជធានីភ្នំពេញ កាលពីថ្ងៃទី២២ឧសភាម្សិលមិញ។

ស្ថានទូតឥណ្ឌាបានឱ្យដឹងថា ស្ថានទូតបាននិងកំពុងជួយពួកគេជាមួយនឹងឯកសារធ្វើដំណើរ និងការរៀបចំបែបបទផ្សេងៗទៀតសម្រាប់ការវិលត្រឡប់របស់ពួកគេឆាប់ៗទៅប្រទេសកំណើតវិញ។ ជាមួយគ្នានោះ ស្ថានទូតឥណ្ឌា ក៏បានអរគុណដល់ប៉ូលិសកម្ពុជា សម្រាប់ការគាំទ្រយ៉ាងទូលំទូលាយក្នុងប្រតិបត្តិការជួយសង្គ្រោះ។ លើសពីនេះ ស្ថានទូតឥណ្ឌា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឥណ្ឌា ដែលកំពុងជួបការលំបាក និងចង់វិលត្រឡប់ទៅប្រទេសកំណើតវិញ សូមធ្វើការទាក់ទងមកស្ថានទូតដោយផ្ទាល់។ ទន្ទឹមនឹងនោះ ស្ថានទូតក៏បានដាស់តឿនដល់ប្រជាពលរដ្ឋរបស់ខ្លួន សូមកុំប្រថុយប្រថាននឹងការមកធ្វើការខុសច្បាប់នៅបរទេស។

ដោយឡែកបើយោងតាមប្រភពពីផេកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានគូសបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលបណ្តឹងតាមរយៈ HOTLINE របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្ដីពីករណី “ជនបរទេសប្រមូលផ្តុំគ្នាមិនព្រមចូលធ្វើការ” នៅចំណុចកាស៊ីណូ ជីន ប៉ី បួន ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ នៅវេលាម៉ោង ២០និង១០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងខាងលើឃើញថា ទីតាំងមាននាមករណ៍ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក (G.C MEDIA CO.,LTD) មានអាជ្ញាបណ្ណកាស៊ីណូលេខ ២០៧ គ.ល.ក CGMC ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មានសុពលភាពដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧ ។ ក្រុមការងារបានពិនិត្យឃើញជនបរទេសកំពុងផ្តុំគ្នានៅទីលានតារាងបាល់បោះក្នុងទីតាំងកាស៊ីណូចំនួន ៥៧នាក់ (ឥណ្ឌា ៥៥នាក់ និងនេប៉ាល់ ០២នាក់) ក្នុងនោះ ៖+ជនបរទេសមានលិខិតឆ្លងដែនជាប់ខ្លួន ចំនួន ៤៩នាក់ (ឥណ្ឌា ៤៧នាក់ និងនេប៉ាល់ ០២នាក់) ។
+ជនបរទេសគ្មានលិខិតឆ្លងដែនជាប់ខ្លួន ចំនួន ០៨នាក់ (ឥណ្ឌា) ។

ក្រោយពីត្រួតពិនិត្យ និងស្តាប់ការបំភ្លឺរបស់ជនបរទេសខាងលើ បានឱ្យដឹងថា ៖ ដោយសារមិនពេញចិត្តនឹងការងារ និងចង់ត្រឡប់ទៅប្រទេសកំណើតវិញ ទើបពួកគេនាំគ្នាប្រមូលផ្តុំមិនព្រមចូលធ្វើការ ។ ពាក់ព័ន្ធករណីខាងលើ ក្រុមការងារបានសម្រេចធ្វើការនាំខ្លួនជនបរទេសចំនួន ៥៧នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្ថែម ។ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ដោយមានការឯកភាពគ្នា ក្រុមការងារបានធ្វើការសម្របសម្រួលបញ្ជូនជនបរទេសទាំង ៥៧នាក់ ខាងលើ ទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (នៅរាជធានីភ្នំពេញ) ដើម្បីបន្តនីតិវិធី ។
សូមបញ្ជាក់ ៖ ករណីខាងលេី មិនមានផ្ទុះអាវុធ ឬបង្កហិង្សា ដូចសារព័ត៍មានជាតិ និងអន្តរជាតិមួយចំនួនចុះផ្សាយនោះទេ ។

សូមរំឭកថា កាលពីល្ងាចថ្ងៃទី២០ឧសភា ឆ្នាំ២០២៤ អាជ្ញាធរខេត្តព្រះសីហនុ បានបើកប្រតិបត្តិការអនុវត្តច្បាប់នៅកាស៊ីណូជិនបុី៤ ឬអគារខ្មៅ ដែលស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បន្ទាប់ពីមានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋនៅក្នុងគ្រុបតេឡេក្រាម ហើយបានចែកចាយតៗគ្នាថា មានសំឡេងស្នូរកាំភ្លើងត្រូវបានបាញ់ឡើងនៅកន្លែងកើតហេតុខាងលើ បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ ទោះជាយ៉ាងណា ភ្លាមៗអាជ្ញាធរសមត្ថកិច្ចខេត្តព្រះសីហនុ បានបដិសេធ ចំពោះពាក្យចចាមអារ៉ាមខាងលើនេះ និងបានបញ្ជាក់ថា នោះជាព័ត៌មានមិនពិត ពោលគឺជាករណីជម្លោះរវាងជនជាតិឥណ្ឌា និងជនជាតិឥណ្ឌាគ្នាឯងប៉ុណ្ណោះ។ យោងតាមសមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ ជនជាតិឥណ្ឌាទាំងនោះ «មានគោលបំណងចង់ផ្លាស់ប្ដូរការងារទៅរកកន្លែងផ្សេង» ទើបបានជាពួកគេធ្វើការតវ៉ា និងធ្វើកូដកម្មបែបនេះ៕
អត្ថបទ៖ ឈុន គឹមហៃ

