ភ្នំពេញ ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ បាក់ជើងឆ្វេង បន្ទាប់ពីជិះម៉ូតូទៅផ្សាររកទិញអីហូប ជិះចេញទៅវិញ ត្រូវបានម៉ូតូហុងដាឌ្រីមជិះដោយក្មេងសិស្សសាលាជ្រុលបុក កាលពីវេលាម៉ោង២និង០៥នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវចោមចៅ មុខផ្សារកាណាសុីធី ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះ ឈ្មោះ ឈួន គន្ធា អាយុ៣២ឆ្នាំ មានទីលំនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ របួសបាក់ជើងឆ្វេង ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1G-9157 ជិះទៅផ្សារទិញលតឆា លុះវិលត្រឡប់ទៅវិញ គ្រាដែលកំពុងជិះឆ្លងផ្លូវពីត្បូងទៅជើង មិនទាន់ផុតផង ត្រូវបាន ម៉ូតូហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JG-5757 ជិះដោយសិស្សសាលាប្រុសស្រី២នាក់ លឿនពីលិចទៅកើតជ្រុលបុកពីទទឹង បណ្តាលឱ្យរងបួសបាក់ជើងឆ្វេង ចំណែកសិស្សសាលាទាំង២នាក់ មិនមានរងរបួស ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតួចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ហើយភាគីសងខាងធ្វើការសម្របសម្រួលគ្នា ដោយខាងឪពុកម្តាយក្មេងសិស្សសាលា ជួយមើល ជនរងគ្រោះដល់មន្ទីរពេទ្យ ៕

អត្ថបទ÷តាតុងសែនជ័យ

