ពោធិ៍សាត់៖ លោក ធាងឡេង ដែលទើបប្រកាសចូលកាន់តំណែង ជាអភិបាលស្រុកវាលវែងថ្មី បានប្ដេជ្ញាក្នុងស្មារតីទទួលខុសត្រូវខ្ពស់ថា និងបំពេញតួនាទីភារកិច្ចបម្រើជាតិនិងប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង។

ក្នុងពិធីប្រកាសចូលកាន់តំណែងនាព្រឹកថ្ងៃទី 24 ខែឧសភាឆ្នាំ 2024 នៅសាលាស្រុកវាលវែង លោក ធាងឡេង បានឆ្លើយតបនិងការផ្ដល់នូវការគាំទ្រ និងជំនឿជឿជាក់ ប្រកបដោយទំនុកចិត្តពីថ្នាក់ដឹកនាំ បានប្ដេជ្ញាគិតយ៉ាងមុតមាំ ក្នុងគោលដៅជាយុទ្ធសាស្ត្រចំនួន 8 ចំណុច៖

-ខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់នៅរដ្ឋធម្មនុញ្ញគោលការណ៍ច្បាប់ លិខិតបទដ្ឋានកិត្តិយុត្តិជាធរមាននិងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងមហាផ្ទៃនិងរដ្ឋបាលខេត្តពោធិ៍សាត់ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ផលប្រយោជន៍ជាតិ ប្តេជ្ញាថែរក្សាសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយមិនអនុញ្ញាតឲ្យកម្លាំងអមិត្តណាមួយធ្វើឲ្យប៉ះពាល់ ដល់សន្តិភាព និងដំណើរការដឹកនាំជាតិមាតុភូមិរបស់រាជរដ្ឋាភិបាលបានឡើយ។

  • គោរពគាំទ្រ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននៅកម្មវិធីគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
  • ប្តេជ្ញាគោរព អនុវត្តឲ្យបានម៉ឺងម៉ាត់ ហ្នឹងអោយមានប្រសិទ្ធភាពខ្ពស់ នៅរាល់គោលការណ៍ដឹកនាំចង្អុលបង្ហាញនិងការផ្ដល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខូយរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ដើម្បីពង្រឹងការដឹកនាំនិងគ្រប់ក្រងរដ្ឋបាលស្រុកវាលវែងប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
  • ខិតខំពង្រឹងការអនុវត្តតួនាទី ភារកិច្ចនានា ក្នុងនាមជាតំណាងរាជរដ្ឋាភិបាល តំណាងក្រសួងស្ថាប័ននានា ព្រមទាំងខិតខំពង្រឹងគណនីយភាព និងទទួលខុសត្រូវក្នុងការអនុវត្តនូវរាល់ដីកាសេចក្តីសម្រេចនានា របស់ក្រុមប្រឹក្សា ស្របតាមច្បាប់ និងលិខិតបទដ្ឋានកិត្តិយុទ្ជបានកំណត់។
  • ពង្រឹងថែរក្សាស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងសួរគណៈអភិបាល  មន្ត្រីរាជការ បង្កើតទំនាក់ទំនងសហការល្អជាមួយក្រុមប្រឹក្សា រួមទាំងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ ដើម្បីធានាឱ្យរដ្ឋបាលស្រុក អនុវត្តការងារមានភាពរលូននិងប្រកបដោយប្រសិទ្ធភាព។
  • ខិតខំទប់ស្កាត់និងលុបបំបាត់រាល់បាតុភាពអសកម្មនានាទាំងឡាយ ដែលធ្វើឱ្យប៉ះពាល់បង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ និងជំរុញការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ សុខមាលភាពរបស់ប្រជាជន ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
  • ខិតខំជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈកិច្ចខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ពិសេសសកម្មភាពលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសបំផ្លាញធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកវាលវែងដើម្បីបន្តរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សង្គម ស្ថេរភាពនយោបាយ និងភាពសុខដុមន័យកម្ម ជួនប្រជាពលរដ្ឋកាន់តែល្អប្រសូឡើងថែមទៀត។
  • យកចិត្តទុកដាក់រៀបចំ កសាង និងអភិវឌ្ឍន៍លើវិស័យនានាក្នុងស្រុក ពិសេសការរៀបចំកែលម្អសុភ័ណភាពទីប្រជុំជន ក្នុងការចូលរួមប្រឡងប្រណាំងទីក្រុងស្អាតដើម្បីធានាបានបរិស្ថានល្អ ប្រកបដោយសក្តានុពល សេដ្ឋកិច្ចសង្គម លើកកម្ពស់គុណភាព ជីវភាពរស់នៅប្រកបដោយវិបុលភាព និងសុខមាលភាពជូនប្រជាពលរដ្ឋទូទាំងស្រុក។

សូមបញ្ជាក់ថា លោក ធាងឡេង ជាអធិការនគរបាលស្រុកវាលវែងបានប្រកាសឡើងកាន់តំណែងជាអភិបាលស្រុកវាលវែងជំនួសលោកវង្សអេង ដែលនឹងត្រូវផ្លាស់ទៅបម្រើការងារនៅរដ្ឋបាលខេត្តពោធិ៍សាត់វិញ។ ដែលពិធីនេះធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមខូយរីដា អភិបាលខេត្តពោធិ៍សាត់៕

អត្ថបទ៖ ឈុន គឹមហៃ

Share.