បាត់ដំបង៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសម័យសង្គ្រាមជាង ២០គ្រាប់ត្រូវបានក្រុមជាងប្រទះឃើញក្នុងភូមិសាស្ត្រក្រុងបាត់ដំបង នៅព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៤ នេះក្រុមជាងបានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ២ទីតាំងផ្សេងគ្នា សរុបចំនួន ២៣គ្រាប់។


ករណីទី ០១ ប្រទះឃើញនៅត្រង់ចំណុចក្រុមទី ១២ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជាប្រភេទគ្រាប់ B-៤០ ចំនួន ០៣គ្រាប់ ពេលដែលក្រុមជំនាញគ្រឿងចក្រកាយដី ដើម្បីដាក់ប្រព័ន្ធលូទឹក និងករណីទី ២ រកឃើញនៅត្រង់ចំណុចក្រុមទី ០១ ក្នុងភូមិរំចេក៤ សង្កាត់រតនះ ក្រុងបាត់ដំបង គ្រាដែលមន្រ្តីបច្ចេកទេសចុះពិនិត្យបោសសម្អាតមីនលើទីតាំងគម្រោងដីសាងសង់អាគារសាលប្រជុំនៅក្នុងបរិវេណព្រលានយន្តហោះបែកចាន ជាប្រភេទគ្រាប់កាំភ្លើងត្បាល់ទំហំ ៦០mm ០១គ្រាប់ , ក្បាលផ្ទុះគ្រាប់កាំភ្លើងត្បាល់ទំហំ ៦០mm ចំនួន ១៥គ្រាប់ , គ្រាប់បែកដៃប្រភេទ ៨២-២ ០១គ្រាប់ និងB-៤០ ចំនួន ០៣គ្រាប់ផងដែរ។


ក្រោយការប្រទះឃើញមន្ត្រីជំនាញអង្គភាពកំចាត់មីនខេត្តបាត់ដំបង បាននាំយកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះខាងលើនាំយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព រងចាំពេលវេលាកម្ទេចចោលពេលក្រោយ៕
អត្ថបទ: ដំបងក្រញូង

