ក្រុមបាល់ទះវិសាខា បានយកឈ្នះ ក្រុម Lavie Long An របស់វៀតណាម ក្នុងលទ្ធផល ៣ទល់និង០ ក្នុងជំនួបមិត្តភាពអន្តរជាតិ លើទីលានវិមានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី២៤ មិថុនា ក្រោមក្រសែភ្នែកអ្នកទស្សនាជាច្រើននាក់។

ខណ:មួយគូទៀត គឺក្រុមបាល់ទះយុវជនជម្រើសជាតិអាយុក្រោម២១ឆ្នាំ កម្ពុជា បានចាញ់ក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងលទ្ធផល ៣-១ ដែលជាការប្រកួតមិត្តភាព លើទីលានវិមានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ដូចគ្នា។
សម្រាប់កម្មវិធីប្រកួតមាន៖
គូទី១៖ ក្រុមយុវជនក្រោមអាយុ២១ឆ្នាំកម្ពុជា ១-៣ ក្រុមស្នងការនគរបាលរាជធានីភ្នំពេញ
គូទី២៖ ក្រុមបាល់ទះវិសាខា ៣-០ ក្រុម Lavie Long An របស់វៀតណាម


ការប្រកួតមិត្តភាពជាមួយក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នេះដែរក្រុមកីឡាបាល់ទះជម្រើសជាតិអាយុក្រោម ២០ឆ្នាំ (U-20) កម្ពុជា គឺជាការបង្ហាញខ្លួនជាផ្លូវការលើកដំបូង ក្រោយធ្វើការប្រមូលផ្ដុំបានជាងមួយខែរួចមក មុនចេញទៅប្រកួតជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី Asian Men’s U20 Volleyball Championship ទល់នឹងក្រុមវៀតណាម នៅប្រទេសថៃ ដែលមានការដឹកនាំដោយលោកគ្រូបង្វឹកជនជាតិចិន Li Jun។

ចំណែកក្រុមបាល់ទះវិសាខា វិញក៏បានបង្ហាញវត្តមានរបស់កីឡាករបារាំង ៣រូបយ៉ាភ្ញាក់ផ្អើល ក្នុងជំនួបមិត្តភាពនេះ និងកំពុងតែត្រៀមខ្លួនដើម្បីចេញទៅប្រកួតក្នុងពានរង្វាន់ Win+ Steak Volleyball Invitational ហៅកាត់ (WSVI) Tournament នៅកោះតៃវ៉ាន់ ដែលក្លិបបាល់ទះ Win Streak ធ្វើជាម្ចាស់ផ្ទះ គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ខាងមុននេះ៕



