ភ្នំពេញ ៖ កម្មការនីរោងចក្រ២នាក់ និងកម្មករសំណង់១នាក់ រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីម សេ១២៥ ជិះលឿនជ្រុលបុកគ្នាជាមួយ ម៉ូតូហុងដា សេ១១០ កំពុងជិះឆ្លងផ្លូវ កាលពីវេលាម៉ោង៦និង២៥នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤.នៅតាមផ្លូវជាតិលេខ៣ កែងផ្លូវបេតុងវត្តជន្លង់ម្លូ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-5674 ជិះគ្នា២នាក់ បើកដោយឈ្មោះ សុីម សុី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មការនីរោងចក្រ រួមដំណើរជាមួយ ឈ្មោះ ឥដ្ឋ រក្សា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ទាំង២នាក់ ។ ចំណែកភាគីខាងម៉ូតូហុងដា ប៊ិក សេ១១០ សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO-5778 ជិះដោយឈ្មោះ
ឈ្មោះ អេង ត្រៃ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ មេជាងសំណង់ ស្នាក់នៅផ្ទះជួល ក្នុងភូមិកើតហេតុ មានស្រុកកំណើតខេត្តព្រៃវែង រងរបួសបាក់ភ្លៅស្តាំ បាក់ដៃឆ្វេង ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូសេ១១០ ជិះដោយបុរសរងគ្រោះ តាមផ្លូវវត្តជន្លង់ម្លូ ពីលិចទៅកើត ឆ្លងផ្លូវជាតិលេខ៣ មិនទាន់ផុតផងស្រាប់តែភាគីម៉ូតូហុងដា សេ១២៥ ជិះឌុបគ្នា២នាក់ ល្បឿនលឿនពីជើងទៅត្បូង ជ្រុលបុកពីទទឹង បណ្តាលឱ្យរងរបួសធ្ងន់ទាំង៣នាក់ ។

ក្រោយកើតហេតុ បុរសរងគ្រោះត្រូវបាន ក្រុមគ្រួសារដឹកតាមម៉ូតូកង់បីយកទៅពេទ្យដោយខ្លួនឯង ចំណែកស្ត្រីរងគ្រោះម្នាក់ ឈ្មោះ សុីម សុី ត្រូវបានក្រុមគ្រួសារ ដឹកតាមម៉ូតូកង់បីយកទៅគ្លីនិក តែរបួសធ្ងន់ពេកគេមិនហ៊ានទទួល ក៏ដឹកយកទៅមន្ទីរពេទ្យកាល់ម៉ែត ដោយខ្លួនឯង នៅសល់ស្ត្រីរងគ្រោះម្នាក់ ឈ្មោះ ឥដ្ឋ រក្សា ត្រូវបានក្រុមគ្រួសារហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ដោយឡែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយនៅពេលក្រោយ ៕
អត្ថបទ៖ តាតុងសែនជ័យ


