ភ្នំពេញ ៖ បុរស៣នាក់រងរបួសធ្ងន់ សន្លប់បាត់ស្មារតីទាំងអស់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងម៉ូតូWINNER បើកបុកគ្នាជាមួយម៉ូតូហុងដាឌ្រីម ជិះឌុបគ្នាឆ្លងផ្លូវ កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។


ភាគីខាងម៉ូតូម៉ាកWINNER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KM-7070 ជិះដោយបុរសម្នាក់ ។ ចំណែកភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1M-9016 ជិះគ្នា២នាក់ ។
តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ ខាងម៉ូតូWINNER ជិះពីលិចទៅកើត ល្បឿនលឿន ដល់ចំណុចកើតហេតុ បុកគ្នាជាមួយភាគីម៉ូតូហុងដាឌ្រីម ជិះឌុបគ្នា២នាក់ ពីកើតទៅលិច បត់ឆ្វេងឆ្លងផ្លូវ បណ្តាលឱ្យប្លោងខ្ទាតពីគ្នាជាង១០ម៉ែត្រ រងរបួសធ្ងន់ទាំង៣នាក់ សន្លប់បាត់ស្មារតីទាំងអស់គ្នា ។


ក្រោយកើតហេតុ ជនរងគ្រោះខាងម៉ូតូហុងដាឌ្រីម ត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូកង់បីម្នាក់ និងម៉ូតូផ្ទាល់ខ្លួនម្នាក់ យកទៅគ្លីនិកក្បែរនោះ ចំណែកជនរងគ្រោះម្នាក់ ខាងម៉ូតូWINNER សល់តែដង្ហើមចង្រិត ត្រូវបានបងប្អូនប្រជាពលរដ្ឋហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ដោយឡែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕


អត្ថបទ៖តាតុងសែនជ័យ

