ញូវដែលី៖ ប៉ូលីសបាននិយាយកាលពីថ្ងៃអាទិត្យ ថា ទារកទើបនឹងកើតចំនួន ៦នាក់បានស្លាប់ បន្ទាប់ពីមានអគ្គីភ័យឆាបឆេះមន្ទីរពេទ្យកុមារមួយក្នុងរដ្ឋធានីឥណ្ឌា ខណៈមនុស្សមួយចំនួនបានសម្រុកចូលទៅក្នុងអណ្តាតភ្លើង ដើម្បីជួយសង្គ្រោះទារកពីខាងក្នុងមន្ទីរពេទ្យ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃ អាទិត្យ ទី២៧ ខែឧសភា ឆ្នាំ២០២៤។

នាយកដ្ឋានពន្លត់អគ្គិភ័យ ទទួលបានការទាក់ទងផ្ដល់ដំណឹងពីករណីអគ្គិភ័យឆេះមន្ទីរពេទ្យទារក New Born Baby Care ក្នុង​តំបន់ Vivek Vihar នៃ​ទីក្រុងដែលី កាលពីល្ងាចថ្ងៃសៅរ៍ ទី២៥ ខែឧសភា។ ប៉ុន្តែ​នៅ​នាទី​ដំបូង​ដ៏​សំខាន់ គេបាន​ប្រទះ​ឃើញ​មានអ្នកក្លាហាន​រត់ចូលទៅជួយសង្រ្គោះទារក​ទើប​នឹង​កើតទាំងអស់នោះផងដែរ។

មន្ត្រីប៉ូលិសជាន់ខ្ពស់លោក Surendra Choudhary បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ទារកទើបនឹងកើតទាំង ១២នាក់ត្រូវបានជួយសង្គ្រោះពីមន្ទីរពេទ្យ ដោយមានជំនួយពីប្រជាជន» ប៉ុន្តែបានបន្ថែមថា «នៅពេលដែលពួកគេបានបញ្ជូនទៅផ្នែកវេជ្ជសាស្រ្ត ដើម្បីជួយសង្រ្គោះ មានទារក ៦នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់»។

លោក Choudhary បាន​ថ្លែង​ថា​៖ «​ចំណាត់​ការ​ផ្លូវ​ច្បាប់​កំពុងដំណើរការជាបន្ដ​ចំពោះ​ម្ចាស់​មន្ទីរពេទ្យ ខណៈមូលហេតុនេះកំពុងត្រូវបានស៊ើបអង្កេត ដោយមិនបណ្ដោយឱ្យមានអ្នករួចខ្លួននោះទេ។ យ៉ាងណា យើង​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ អំពី​របៀប​ដែល​កុមារ​ស្លាប់​នោះ​ទេ»។

ទន្ទឹមនោះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានចាត់ទុកការឆាបឆេះមន្ទីរពេទ្យ និងការស្លាប់នេះថា «គួរឱ្យឈឺចាប់ណាស់ និងបានរំលែកទុក្ខចំពោះគ្រួសារសព ហើយសង្ឃឹមថា ទារកដែលរងរបួសផ្សេងៗ នឹងឆាប់ធូរស្បើយ» នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

អគ្គិភ័យនេះ បានកើតឡើងក្រោយមានសេចក្ដីរាយការណ៍ថា មានអគ្គិភ័យឆាបឆេះសួនកម្សាន្ដមួយកន្លែងនៅក្នុងរដ្ឋ Gujarat ភាគខាងលិចប្រទេសឥណ្ឌា ដោយបណ្ដាលឱ្យមានកុមារ និងមនុស្សធំ សរុប ២៧នាក់ស្លាប់ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

យោងតាមនាយកដ្ឋានឧតុនិយមឥណ្ឌា បានឱ្យដឹងថា គ្រោះអគ្គីភ័យទាំង២ នេះ បានកើតឡើងនៅពេលដែលភាគខាងជើងប្រទេសឥណ្ឌា បានជួបប្រទះនឹងការឡើងកំដៅខ្លាំង ដោយសីតុណ្ហភាពនៅទីក្រុងដេលី បានឡើងដល់ ៤៦.៨អង្សាសេ កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន។

សូមជម្រាបថា បញ្ហាអគ្គិភ័យ គឺ​ជា​រឿង​ធម្មតា​ក្នុង​ប្រទេស​ឥណ្ឌា ដោយសារ​ការ​សាងសង់សំណង់​មិន​ល្អ អគារនានាមានភាព​ចង្អៀត​ណែន និង​កង្វះ​ការ​គោរព​ច្បាប់​សុវត្ថិភាព៕

ប្រភព៖ CNA

Share.