កណ្តាល៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាលចូលរួមសហការជាមួយសាខាគយ និងរដ្ឋាករខេត្តកណ្ដាលឃាត់ និងចាប់បានសាច់បង្កកនាំចូលបានប្រមាណជាង ៦តោន។


នាថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ដឹកនាំដោយព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាលបានសហការជាមួយ ការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់២ សាខាគយនិងរដ្ឋាករខេត្តកណ្តាល ប្រធានច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងនាយប៉ុស្តិ៍សំពៅពូន បានធ្វើការត្រួតពិនិត្យ សាច់បង្កកនាំចូលតាមច្រកជ្រៃធំ សរុបចំនួន ៦.០៥តោន។
ដោយក្នុងនោះមន្រ្តីជំនាញបានរកឃើញថា សាច់ក្របីបង្កក ម៉ាក CORALចំនួន១០០កេស (១កេស=២១គីឡូ ក្រាម) =២១០០គីឡូក្រាម (ប្រភពប្រទេសឥណ្ឌា) សាច់ជ្រូកបង្កកម៉ាក APK ចំនួន២០០កេស (១កេស=១៧ គីឡូក្រាម) =៣៤០០គីឡូក្រាម (ប្រភពប្រទេសរុស្សី) មឹកបង្កប ម៉ាក FRESH ចំនួន៥០កេស (១កេស=១១ គីឡូក្រាម)=៥៥០គីឡូក្រាម (ប្រភពប្រទេសចិន) សរុបចំនួន ៦០៥០គីឡូក្រាម ដឹកជញ្ជូនមិនត្រឹមត្រូវតាមលក្ខណៈស្តង់ដារបច្ចេកទេស ហើយសាច់បង្កកទាំងនោះបានខូចគុណភាពទៅហើយ។


ដោយមានការឯកភាពពី ព្រះរាជអាជ្ញារង មន្ត្រីជំនាញ ក.ប.ប. និងស្ថាប័នពាក់ព័ន្ធ បានសម្រេចធ្វើការដុតកម្ទេច ចោលសាច់បង្កកខូចគុណភាពទាំងនោះទៅតាមនីតិវិធី នៅក្នុងបរិវេណការិយាល័យគយនិងរដ្ឋាករជ្រៃធំ ជៀសវាង ប៉ះពាល់សុខភាពអ្នកប្រើប្រាស់ប្រសិនបើផលិតផលសាច់បង្កកទាំងនោះបានលក់នៅលើទីផ្សារ៕




អត្ថបទ៖ ចតុមុខ

