ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមនៅកន្លែង បន្ទាប់ពីជិះម៉ូតូទៅលេងផ្ទះបងប្អូន ដល់ហើយដាក់ប្រពន្ធកូនចុះ ឆ្លៀតជិះទៅរកទិញអីមួយភ្លែត ស្រាប់តែរថយន្តបើកកៀរដួល ហើយកិនបណ្តាលឱ្យស្លាប់បែកក្បាលខ្ទេច កាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ជួន ណារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ មានប្រពន្ធឈ្មោះស្រីនាថ អាយុ២៤ឆ្នាំ មានកូន២នាក់ ស្នាក់នៅ ម្តុំលូ៥ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិអូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

តាមក្រុមគ្រួសារ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះឌុបប្រពន្ធកូន ទៅលេងផ្ទះបងប្អូន នៅភូមិកប់ស្រូវ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ទៅដល់ដាក់ប្រពន្ធកូនចុះហើយ ជនរងគ្រោះឆ្លៀតជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AH-8193 ទៅរកទិញអីសិន ធ្វើដំណើរកាត់ផ្លូវបេតុងក្នុងភូមិឃ្មួញ ពីលិចទៅកើត ដល់ចំណុចកើតហេតុ ជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកកិនស្លាប់តែម្តង ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា រថយន្តបើកកៀរម៉ូតូដួលហើយកិនចំជនរងគ្រោះ បែកក្បាលខ្ទេច ស្លាប់ភ្លាមៗនៅកន្លែង រថយន្តបង្កបើករត់គេចបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យ ប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ បន្តធ្វើការស្រាវជ្រាវស្វែងរករថយន្តបង្ក ៕

អត្ថបទ៖តាតុងសែនជ័យ

Share.