ភ្នំពេញ៖ ក្មេងៗមួយក្រុមបានចូលទៅលេងក្នុងដីឡូតិ៍ទុកចោលមួយកន្លែងនាំគ្នាដុតសំរាមលេងឆេះរៀលដាលដល់ស្មៅឆាប់ឆេះយ៉ាងសន្ធោសន្ធៅផ្អើលដល់អ្នកជិតខាងរាយការណ៍ទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គិភ័យចេញជួយបាញ់ពន្លត់ជៀសវាងរាលដាលដល់ផ្ទះពលរដ្ឋ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង២និង ២០នាទីរសៀលថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៤ស្ថិតនៅចំណុចដីឡូមួយកន្លែង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញក្មេងមួយក្រុមមានគ្នា៥ទៅ៦នាក់បាននាំគ្នាដើរចូលទៅក្នុងដីឡូតិ៍ខាងលើ មួយសន្ទុះក្រោយមកក៏ស្រាប់តែមានផ្សែងហ៊ុយៗ បន្តិចមកក៏មានអណ្ដាតភ្លើងឆាបឆេះសំរាមហ៊ុយផ្សែងខ្មួរខ្មាញ់បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងដល់អ្នកជិតខាងរាយការណ៍ជូនទៅកម្លាំងសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ការពាររាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋ។

ក្រោយមករថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿងបានមកដល់បាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញភ្លាមៗមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ។ ចំណែកក្រុមក្មេងៗក្រោយឃើញភ្លើងឆេះរាលដាលនាំគ្នាគេចខ្លួនបាត់អស់៕

អត្ថបទ៖ សេង សាវី

Share.