កណ្ដាល ៖ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ច ក្រុងតាខ្មៅ ឃាត់ខ្លួនតាមបណ្តឹង រំលោភលើទំនុកចិត្ត ដោយយកគ្រឿងពេជ្រ គ្រឿងអលង្ការ ទៅលក់ ហើយមិនប្រគល់លុយឱ្យម្ចាស់ ជាដើមបណ្តឹង ។ ការឃាត់ខ្លួនបានធ្វើឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រួចនាំយកទៅប្រគល់ឱ្យសមត្ថកិច្ចក្រុងតាខ្មៅ ចាត់ការតាមនីតិវិធី ។

ជនសង្ស័យឈ្មោះ ទូច លក្ខិណា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ុន ណារី ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សម្ភារៈបាត់បង់ ៖ ខ្សែកធ្វើអំពីលោហៈធាតុចំនួន៤គ្រឿង ,កងដៃលោហៈធាតុចំនួន១ឈុត ,ខ្សែដៃលោហៈធាតុពណ៌លឿងចំនួន១គ្រឿង ,ចិញ្ជៀនលោហៈធាតុពណ៌លឿងចំនួន២វង់ សរុបទឹកប្រាក់ចំនួន២៤០.០០០ដុល្លារ(ម្ភៃបួនម៉ឺនដុល្លារអាមេរិក)។

តាមប្រភពបានឱ្យដឹងថា ជនសង្ស័យនិងជនរងគ្រោះ ជាអ្នករកសុីជាមួយគ្នាតាំងពីអំឡុងឆ្នាំ២០២២មកម្ល៉េះ លុះមកដល់វេលាម៉ោង៤រសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ជនសង្ស័យបានទៅផ្ទះជនរងគ្រោះ ដោយយកគ្រឿងពេជ្រ គ្រឿងអលង្កា ប្រាប់ថាយកទៅឱ្យភ្ញៀវមើលសិន ចាំទូទាត់លុយតាមក្រោយ តែផ្ទុយទៅវិញ លក់បានលុយហើយ មិនបានប្រគល់លុយឱ្យម្ចាស់ជាដើមបណ្តឹង លុះសាកសួរ និងទាមឬារយកគ្រឿងអលង្ការទាំងនោះមកវិញ ជនសង្ស័យមិនយកឱ្យវិញ ទើបនៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ជនរងគ្រោះទៅតាមចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកទៅប្រគល់ឱ្យអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងប្តឹងចោទប្រកាន់ រំលោភលើទំនុកចិត្ត ។
ជនសង្ស័យផ្នែកតាមបណ្តឹងរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន សាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
អត្ថបទ៖តាតុងសែនជ័យ

